កណ្តាល៖ វឌ្ឍនភាពការងារស្តារប្រព័ន្ធប្រឡាយព្រែកហូរ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល បានប្រមាណ ៩៥%។ បើតាម លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី និងក្រុមការងារ អមដំណើរដោយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យការងារកាយទំនប់ (cofferdam) ក្រោមស្ពាន ដើម្បីដំណើរការបង្ហូរទឹកក្នុងប្រព័ន្ធប្រឡាយព្រែកហូរ។
បើតាម លោក រដ្ឋមន្ត្រី ថា ការកាយទំនប់(cofferdam) នាពេលនេះ ធ្វើឡើងបន្ទាប់ពី សម្តេចធិបតី បានប្រកាសកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែល សម្តេច អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ថា ទំនប់ cofferdam មិនទាន់កាយចេញ ដើម្បីទុកឱ្យសម្តេចបានពិនិត្យវឌ្ឍនភាពជាក់ស្តែងពីទិដ្ឋភាពប្រព័ន្ធប្រឡាយព្រែកហូរ ជាពិសេសប្រឡាយរៀបថ្ម និងប្រឡាយចាក់បេតុង។
គួរបញ្ជាក់ថា ប្រព័ន្ធប្រឡាយព្រែកហូរ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានការស្តារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រ ក្នុងនោះ ប្រឡាយរៀបថ្មប្រវែង ៣,៥គីឡូម៉ែត្រ និងប្រឡាយចាក់បេតុងប្រវែង ៣,៧គីឡូម៉ែត្រ។
ប្រព័ន្ធប្រឡាយព្រែកហូរ មានសក្តានុពលដោះទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ចំណុចស្ពានព្រែកហូរ នៃភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រមាណ ៥១៥ម៉ែត្រត្រីគុណ ក្នុង១វិនាទី ទៅតាមព្រែកយាយជា ២១៥ម៉ែត្រត្រីគុណ ក្នុង១វិនាទី ប្រឡាយភ្ជាប់លេខ៣ ប្រមាណ ២០០ម៉ែត្រត្រីគុណ ក្នុង១វិនាទី និងព្រែកថីប្រមាណ ១០០ម៉ែត្រត្រីគុណ ក្នុង១វិនាទី គិតមកដល់ពេលនេះវឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៩៥%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)