ភ្នំពេញ៖ ប្រទេសកម្ពុជា ការចុះបញ្ជីដីធ្លីបានបែងចែកជា ៣ប្រភេទ រួមមាន ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ការចុះបញ្ជីដីធ្លីដាច់ដោយដុំ និងការចុះបញ្ជីដីធ្លីបំពេញបន្ថែម។
សូមលើកយកពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវបានបែងចែកជា ៥ដំណាក់ ក្នុងនោះ៖
-ទី១ អំពីការរៀបចំ៖ អភិបាលខេត្ត ក្រុង ជាអ្នកប្រកាសតំបន់ដែលក្រុមមន្ត្រីចុះបញ្ជីដីធ្លីត្រូវធ្វើការកំណត់ វាស់វែងព្រំដី និងវិនិច្ឆ័យ។ ក្រោយពីការកំណត់រួចមក អភិបាលខេត្តត្រូវការធ្វើប្រជុំវិនិច្ឆ័យ ដោយផ្ដល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន យ៉ាងយូរ១៥ថ្ងៃនិងយ៉ាងតិច៧ថ្ងៃដល់សាធារណជន មុនការប្រជុំ។ កិច្ចប្រជុំផ្សព្វផ្សាយត្រូវធ្វើឡើងក្នុងតំបន់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ។
-ទី២ អំពីប្រតិបត្តិការបច្ចេកទេស៖ មន្ត្រីចុះបញ្ជីដីធ្លីធ្វើការកំណត់កំណត់ព្រំដី វាស់វែងក្បាលដី និងធ្វើការវិនិច្ឆ័យ ទៅលើឯកសារ និងភស្តុតាងផ្សេងៗជាលក្ខណៈរូប ជាលាយលក្ខណ៍អក្សរ ឬចម្លើយផ្ទាល់មាត់ទាក់ទងនឹងព្រំដី។ ចំណែក មន្ត្រីនៅការិយាល័យ ប្រសិនបើមិនមានទំនាស់ក្នុងការកំណត់ព្រំដីនោះទេ ទិន្នន័យដែលប្រមូលបានត្រូវបញ្ចូលក្នុងកុំព្យូទ័រ ដើម្បីកសាងប្លង់សុរិយោដី បញ្ជីឈ្មោះម្ចាស់ដី និងសៀវភៅគោលបញ្ជីដីធ្លី។
-ទី៣ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ៖ អាជ្ញាធរខេត្ត ក្រុង ត្រូវប្រកាសផ្សាយជាសាធារណៈ អំពីឯកសារនៃការវិនិច្ឆ័យទាំងអស់រយៈពេល ២០ថ្ងៃ ដើម្បីឱ្យបុគ្គលពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យ ឬតវ៉ា។ ប្រសិនបើគ្មានទំនាស់ទេ គណៈកម្មការរដ្ឋបាលត្រូវផ្ដល់ការយល់ព្រមលើឯកសារនៃការវិនិច្ឆ័យទាំងនោះ។ បន្ទាប់មកទៀត គណៈកម្មការរដ្ឋបាលត្រូវបញ្ជូនឯកសារនៃការវិនិច្ឆ័យទៅរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត ក្រុង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះហត្ថលេខាទទួលស្គាល់។
-ទី៤ អំពីការសម្រេចលើឯកសារ៖ ក្រោយពីផុតរយៈពេលបិទផ្សាយជាសាធារណៈ អភិបាលខេត្ត ក្រុង និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចុះហត្ថលេខាសម្រេចលើឯកសារនៃការវិនិច្ឆ័យ ហើយឯកសារនោះនឹងចាត់ទុកជាឯកសារផ្លូវការតាមច្បាប់។
ទី៥ អំពីការចេញបណ្ណ៖ នៅពេលដែលនីតិវិធីនៃការវិនិច្ឆ័យត្រូវបានបញ្ចប់ជាស្ថាពរ ឯកសារនៃការវិនិច្ឆ័យ និងឯកសាររណបពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជូនទៅរដ្ឋបាលសុរិយោដីដើម្បីចុះបញ្ជីចេញបណ្ណ។
លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងនាពេលកន្លងមកនេះថា តាមផែនការរបស់ក្រសួង នឹងជំរុញឱ្យមន្ត្រីទាំងអស់ចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសឱ្យរួចរាល់ជាស្ថាពរនៅមុនឆ្នាំ២០៣០។
លោក បានបន្តថា បច្ចុប្បន្ន មន្ត្រីក្រសួងរៀបចំដែនដី បាននិងកំពុងធ្វើកិច្ចការងារយ៉ាងមមាញឹក ហើយលោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសុរិយោដីទាំងអស់ដែលបានធ្វើការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)