Register Already an agent ? Login

ក្រុមហ៊ុនចិនចំនួន១១ សន្យានាំក្រុមហ៊ុន ១០០ផ្សេងទៀត មកបណ្តាក់ទុកនៅកម្ពុជា ក្នុងឆ្នាំ២០២៤នេះ

ភ្នំពេញ៖ លោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ក ដែលបានដឹកនាំគណៈប្រតិភូក្រុមហ៊ុនចិនចំនួន ១១ មកពីទីក្រុងសៀងហៃ ឆឹងទូ ហាងចូវ និងខេត្តចេជាង បានសន្យាចំពោះមុខ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាថា នឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគ ១០០ផ្សេងទៀត ឱ្យមកបណ្តាក់ទុននៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ។

លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈ ប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ដែលពោរពេញដោយភាពអំណោយផល។

បើតាមជំនួបនេះ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក ជា វុទ្ធី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោក ជូ ចាងជីន ដែលបានចូលរួម អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរនៅកម្ពុជា គឺ ទី១-តំបន់ សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅឆ្នាំ២០១៨ និងទី២-តំបន់ សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលទើបទទួលបានគោល ការណ៍អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែខុសភា ឆ្នាំ២០២៤ថ្មីៗនេះ។

នាឱកាសនោះ អគ្គលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ ច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនឹងវិស័យដែលមានសក្តានុ ពល ការផ្តល់កិច្ចសម្រួលវិនិយោគ និងបានធ្វើការកត់សម្គាល់ពីកំណើនវិនិយោគចិននៅកម្ពុជា។ លោក ថា បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមាន តុចិន (China Desk) សម្រាប់រង់ចាំផ្តល់ការប្រឹក្សា និងកិច្ចសម្រួលនានាជូន វិនិយោគិនចិនផងដែរ។

លោក ជូ ចាងជីន បានលើកឡើថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅស្រុកព្រៃនប់ បច្ចុប្បន្ន មានការបណ្ដាក់ទុនវិនិយោគពេញក្នុងតំបន់ រីឯតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង បច្ចុប្បន្ន មានការបណ្តាក់ទុនវិនិយោគ ចំនួន ២៨ក្រុមហ៊ុន។ លោក បានគូសបញ្ជាក់ថា នឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគផ្សេងឱ្យមកបណ្តាក់ទុនក្នុងតំបន់នេះឱ្យបាន ១០០ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៤នេះ។

លោក បានបន្តទៀតថា បន្ថែមលើនេះ ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកភាសា និងផ្នែកជំនាញបច្ចេកទេស នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។

គូសបញ្ជាក់ថា ក្រុមហ៊ុនទាំងទាំង១១ មានធ្វើអាជីវកម្មអាជីវកម្មក្នុងវិស័យសណ្ឋាគារ ថ្នាំពេទ្យ សម្ភារៈវេចខ្ចប់ (កេសកាតុង និងសម្ភារៈប្លាស្ទិក) ឧស្សាហកម្មគីមី អេប៉ុង និងផលិតខ្មៅដៃ និងគ្រឿងសង្ហារិម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)