ភ្នំពេញ៖ ក្រុមប្រឹក្សានាយក នៃធនាគារពិភពលោក បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារ សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។
ហិរញ្ញប្បទាននេះ ប្រភពមកពីមូលនិធិមានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់ប្រទេស និងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។ ជាការបញ្ជាក់ WB។
WB បានបន្តថា ឥណទាននេះគឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and Resilience Development Policy Financing) ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលនៅរារាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការរើបម្រះខ្លួនចេញពីឥទ្ធពលញាំញីរ៉ាំរ៉ៃមកលើសេដ្ឋកិច្ច ពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩។
ឥណទានថ្មីនេះ បន្ថែមពីលើឥណទានតម្លៃ ២៧៤លានដុល្លារ ដែលត្រូវបានផ្តល់ក្នុងឆ្នាំ២០២២ សម្រាប់គម្រោងដដែលនេះ នៅក្នុងដំណាក់កាលទី១ (first Cambodia Growth and Resilience Development Policy Financing)។ ជាការបន្តទៀត WB។
បន្ទាប់ពីបានស្តារខ្លួនចេញពីផលជះនៃជំងឺរាតត្បាតកូវីដ-១៩ និងពីស្ថានការណ៍អង្រួនកន្ត្រាក់ក្រោយមកទៀត ពេលនេះកម្ពុជាកំពុងបង្វែរការផ្តោតកិច្ចខិតខំរបស់ខ្លួន ឆ្ពោះទៅសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចថេរមានគុណភាពខ្ពស់។ ជាការលើកឡើង លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា។
លោកស្រី ម៉ារីយ៉ាម បានបន្តថា ឥណទានថ្មីនេះនឹងជួយជំរុញភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់រដ្ឋាភិបាល និងផ្តល់ជំនួយដល់ពលរដ្ឋកម្ពុជាដែលងាយរងគ្រោះបំផុត។
បើតាមធនាគារពិភពលោក ការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះកំណើនជាលើកដំបូង ក្នុងរយៈ២៥ឆ្នាំ ហើយការធ្លាក់ចុះនេះមានសភាពធំធេងគួរសម នៅក្នុងចំណោមតំបន់អាស៊ីបូព៌ា។ បច្ចុប្បន្ន សេដ្ឋកិច្ចបានស្តារស្ថានភាពប្រសើរឡើងវិញហើយ ប៉ុន្តែកំណើនរបស់វានៅតែមិនទាន់អាចវិលទៅរកកម្រិតនៅមុនមានការផ្ទុះជំងឺរាតត្បាត នៅឡើយទេ។
ស្ថានភាពនេះនៅកម្ពុជា ជាការឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោក និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធនៃបែបផែនកំណើនរបស់ប្រទេសនេះ។ បញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធរបស់កម្ពុជារួមមាន ផលិតភាពមានកំណើនខ្សោយ, ការអភិវឌ្ឍននៃមូលធនមនុស្សនៅមានកម្រិតទាប, និងឧបសគ្គដល់ការបង្កើត និងការប្រកួតប្រជែងរបស់ធុរកិច្ចឯកជន។ សេដ្ឋកិច្ចរបស់កម្ពុជាមានលក្ខណៈប្រមូលផ្តុំខ្លាំង ទៅលើផលិតផល, ទីផ្សារនាំចេញ និងធនធានហិរញ្ញប្បទាន ដែលជាហេតុធ្វើឱ្យមានការរងការប៉ះទង្គិចពីសំណាក់ស្ថានការណ៍អង្រួនកន្ត្រាក់ណាស់។ ប្រទេសនេះក៏ងាយរងគ្រោះពីផលជះនៃការប្រែប្រួលអាកាសធាតុដែរ ជាពិសេសទឹកជំនន់ និងភាពរាំងស្ងួត។
ឥណទានថ្មីនឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងនេះ។ ជំនួយនេះនឹងជួយបង្កើតបរិយាកាសអំណាយផលដល់ការបើកដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន, បិទអាជីវកម្ម និងការប្រកួតប្រជែងដោយត្រឹមត្រូវយុត្តិធម៌។
ផ្នែកឯទៀតនៃឥណទាននេះ នឹងជួយពង្រឹងភាពធន់នៃសារពើពន្ធតាមរយៈការកែលម្អភាពប្រសិទ្ធផលនៃចំណាយ, សម្រាលហានិភ័យនៃចំណាយមូលធន និងបង្កើនភាពជាដៃគូរវាងរដ្ឋនិងឯកជន និងពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទាន តាមរយៈសញ្ញាបណ្ណជាតិ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)