Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍ទំនប់ជូនទ្រី ក្នុងខេត្តបាត់ដំបង វឌ្ឍនភាពប្រមាណ ៨០% គ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥

បាត់ដំបង៖ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង មានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង គិតមកដល់ខែមិថុនា ឆ្នាំ២០២៤នេះ សម្រេចបានប្រមាណ ៨០ភាគរយ ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។ បើតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ព្រមទាំងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន បានដឹកនាំគណៈប្រតិភូក្រុមការងារព័ត៌មាន សម្តេចធិបតី ដឹកនាំដោយ លោក គួច វែងស៊្រុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង មានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងរួមមាន៖ ១-ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ២-សំណង់បង្ហៀរធ្វើពីបេតុងប្រវែង ៤១៤ម៉ែត្រ និងអាចដោះទឹកបាន ៨៥០ម៉ែត្រត្រីគុណក្នុង១វិនាទី

៣)-រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ ៤-សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ និងទទឹង ៣ម៉ែត្រ

៥-ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រនិងទទឹង ៧ម៉ែត្រ និង ៦-សំណង់ដោះទឹកចំនួន ៨កន្លែងនិងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីត្រូវប្រើរយៈពេលសាងសង់ ៩០ខែ ដោយចាប់ផ្ដើមការសាងសង់ក្នុងខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។

គម្រោងនេះគ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ មានសក្តានុពលស្ដុកទឹកបាន ១៦៣,១លានម៉ែត្រត្រីគុណ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មប្រមាណ ៣៣០០០ហិកតានៅរដូវវស្សា និង ៤៥០០ហិកតា នៅរដូវប្រាំង ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។

ក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីជាប្រព័ន្ធធារាសាស្រ្តមួយដែលសាងសង់ប្រើប្រាស់វិធីសាស្រ្តថ្មីមិនធ្លាប់អនុវត្តពីមុនមកដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។

លោក រដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពគម្រោងដែលសម្រេចបាន ក្នុងការជួយដោះស្រាយបញ្ហាទឹក កាត់បន្ថយហានិភ័យគ្រោះធម្មជាតិ និងធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលវិស័យកសិកម្ម វិស័យទឹកស្អាតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនិងក្នុងឧស្សាហកម្ម និងបម្រើដល់ពហុវិស័យ ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)