បន្ទាយមានជ័យ៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ នឹងជួយកាត់បន្ថយពីគ្រោះមហន្តរាយធម្មជាតិ នៃគ្រោះទឹកជំនន់ទឹកភ្លៀងដែលកើតឡើងភ្លាមៗនៅក្នុងតំបន់ និងជំនន់ឆ្លងដែនប្រទេសថៃ និងគ្រោះរាំងស្ងួត ហើយអាចផ្តល់ផលដល់ ប្រជាពលរដ្ឋ និងប្រជាកសិករប្រមាណ ៤២ ២១៣គ្រួសារ គិតមកដល់ខែមិថុនា ឆ្នាំ២០២៤ វឌ្ឍនភាពសម្រេចបាន ៤៦,៩៧%។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារព័ត៌មាន សម្តេចធិបតី ដឹកនាំដោយឯកលោក គួច វែងស៊្រុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីកូរ៉េ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។
បើតាម លោក ថោ ជេដ្ឋា បានឱ្យដឹងថា IDFMP បានទទួលប្រភពទឹកមកពីតាមបណ្តាអូរ និងស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានសក្តានុពលគ្របដណ្តប់លើឃុំសង្កាត់ចំនួន ១១នៃក្រុង-ស្រុកចំនួន៤ ក្នុងខេត្តបន្ទាយមានជ័យគឺ ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ។
លោក បានបន្តថា ការងារសំខាន់ៗ របស់គម្រោងរួមមាន៖ ១-ស្តារប្រព័ន្ធធារាសាស្ត្រប្រឡាយមេចំនួន ៦ខ្សែ សរុប ៩២,៦៥គីឡូម៉ែត្រ, ២-សាងសង់ទំនប់អាងទឹក ៣កន្លែង (អាងទឹកវាំងហែង អាងទឹកពង្រ និងអាងទឹកកន្សែង) សរុបប្រវែង ២០,៣៦គីឡូម៉ែត្រ និងស្តារអាងទឹកទាំង៣ ដែលអាចស្តុកទឹកបានប្រមាណ ២២,៨លានម៉ែត្រត្រីគុណ និង ៣-សាងសង់សំណង់សិល្បការ្យសរុបចំនួន ២០៨កន្លែង។ លោក បានគូសបញ្ជាក់ថា បើគិតមកដល់ខែមិថុនា ឆ្នាំ២០២៤នេះ វឌ្ឍនភាពសម្រេចបាន ៤៦,៩៧%។
លោក បានបន្តថា IDFMP ខេត្តបន្ទាយមានជ័យ គឺដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹក ធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលវិស័យកសិកម្ម ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងបម្រើឱ្យអន្តរវិស័យ។
បើតាមក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាពជាក់ស្តែងតាមទីតាំងសំខាន់ៗ របស់គម្រោង ១-អាងទឹកវាំងហែងដែលមានផ្ទៃអាងទំហំ ១៥៧,៧គីឡូម៉ែត្រការ៉េ ទំនប់អាងទឹកប្រវែង ៦,២៣គីឡូម៉ែត្រ មានលទ្ធភាពស្ដុកទឹកអតិបរមា ៤លានម៉ែត្រតី្រគុណ និង ២-អាងទឹកកន្សែងដែលមានផ្ទៃអាងទំហំ ៧៦០,៥គីឡូម៉ែត្រការ៉េ ទំនប់អាងទឹកប្រវែង ៧,១២គីឡូម៉ែត្រ និងមានលទ្ធភាពស្ដុកទឹកអតិបរមា ១៥,៣លានម៉ែត្រត្រីគុណ។
សូមបញ្ជាក់ថា IDFMP ខេត្តបន្ទាយមានជ័យ ត្រូវប្រើរយៈពេលសាងសង់ចំនួន ៥៤ខែ ដោយចាប់ផ្ដើមការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២១ និងគ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ គម្រោងនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលសរុបប្រមាណជិត ២០ ០០០ហិកតា និងមានប្រជាពលរដ្ឋទទួលផលចំនួន ៤២ ២១៣គ្រួសារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)