Register Already an agent ? Login

គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ប្រវែងជាង ១១៤គ.ម ត្បូងឃ្មុំ-កំពង់ចាម វឌ្ឍនភាព ៩៧,៦២%ហើយ

ភ្នំពេញ៖ គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលមានប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ៧ ចំណុចគីឡូម៉ែត្រលេខ ១៥៤+៧00 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១C ចំណុចគីឡូម៉ែត្រលេខ ៣០+៤00 ក្នុងខេត្តកំពង់ចាម) សម្រេចបានលទ្ធផលជារួមចំនួន ៩៧,៦២%ហើយ។

ផ្លូវជាតិដ៏សំខាន់នេះ ផ្នែកខ្លះជាប្រភេទ AC និងខ្លះទៀតជាប្រភេទ DBST ដែលត្រូវបានចុះកិច្ចសន្យាសាងសង់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ និងចាប់ផ្តើមសាងសង់នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ដោយគ្រោងបញ្ចប់ការសាងសង់ ក្នុងអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខ ពោលគឺមានរយៈពេលសាងសង់ ៤២ខែ និងរយៈពេលថែទាំ(ក្នុងកិច្ចសន្យា) ចំនួន២៤ខែ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានគិតគូរ និងបានចង្អុលបង្ហាញឱ្យ លោក បុង ប៊ុនហួន រដ្ឋលេខាធិការ និងជានាយកគម្រោង ប្រឹងប្រែងធ្វើឱ្យប្រសើរឡើង និងបំពេញចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឈានទៅដល់ការសម្រេចលទ្ធផលជាស្ថាពរ នាពេលឆាប់ៗខាងមុខ និងត្រៀមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលបន្ទាប់។

គួររម្លឹកផងដែរថា ផ្លូវជាតិលេខ៧១C ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីចិន ដែលមានទំហំថវិកាជាង ១២៩ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។

ក្រុមការងារកំពុងប្រឹងប្រែងដើម្បីបង្ហើយកិច្ចដែលនៅសេសសល់ដូចជា ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងការងារមួយចំនួនទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna )