Register Already an agent ? Login

ស្ពានអាកាសភ្លោះ តម្លៃ១៦លានដុល្លារ ព្រំប្រទល់ភ្នំពេញ-ខេត្តកណ្តាល បានបើកការដ្ឋានសាងសង់ គ្រោងបញ្ចប់១២ខែ

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល បានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ស្ពានអាកាសភ្លោះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ជាង ១៦លានដុល្លារ ប្រើប្រាស់រយៈ ១២ខែ។

ជាប្រភេទបេតុងអាមេ ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ បណ្ដោយតួស្ពាន ២៨១ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅខាងមហាវិថីសម្តេចតេជោហ៊ុនសែនប្រវែង ១៨០ម៉ែត្រ។

ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ម៉ែត្រ ដោយស្ពានទី១- ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និង ស្ពានទី២- ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន។

ស្ពានអាកាសនេះ ត្រូវបានប្រសិទ្ធនាម ថា «ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាសភ្លោះនេះ គឺជាគម្រោងថ្មីបន្ថែមមួយទៀត សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលបានកើតចេញពីអនុសាសន៍ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅរបស់សម្ដេចតេជោ ហ៊ុន សែន គឺ «យកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹកត្នោតខ្ចប់ស្ករត្នោត»។

តាមរយៈការប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍កោះនរាមួយផ្នែក និងមួយផ្នែកទៀត បានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល សម្រាប់យកមកស្ថាបនាស្ពានអាកាសថ្មីនេះ ដើម្បីរួមចំណែកដោះស្រាយបញ្ហាលំហូរចរាចរក្នុងតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ និងដើម្បីតភ្ជាប់ទៅនឹងប្រព័ន្ធឡូជីស្ទីកនៃគម្រោងអាកាសយានដ្ឋានតេជោអន្តរជាតិ និងគម្រោង «ព្រែកជីកហ្វូណន-តេជោ» ឱ្យកាន់តែមានភាពប្រទាក់ក្រឡា សម្រាប់​ជា​ឧត្តម​ប្រយោជន៍ជាតិ និងប្រជាជន។

បច្ចុប្បន្ន ក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និង​កំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពាន​អាកាស​៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពាន​អាកាស​៥មករា ស្ពានអាកាសផ្សារដីហ៊ុយ ស្ពាន​អាកាស​រង្វង់មូលចោមចៅ និងស្ពានអាកាសឫស្សីកែវ ស្ថិតលើផ្លូវជាតិលេខ៥៕

ដោយ៖ មឿន ឌីណា (Moeun Dyna)