ភ្នំពេញ៖ សហភាពអឺរ៉ុប និងកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន ជាពិសេសក្នុងទំនាក់ទំនងពាណិជ្ជកម្ម ដែលមានទំហំជាង៥ពាន់លានអឺរ៉ូ។ បើតាមការលើកឡើង លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នាជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
ការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈកម្មការ អឺរ៉ុបមកកម្ពុជាកាលពីខែមីនាកន្លងទៅនេះ បានចុះកិច្ចព្រមព្រៀងជាច្រើន ក្នុងការជំរុញទំនាក់ទំនងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា។ ជាការលើកឡើងបន្ត លោក លោក Igor Driesmans។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្ដែងនូវមោទនភាព ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុបក្នុងរយៈពេលប្រមាណជាង៣០ឆ្នាំកន្លងមកនេះ។ សម្ដេចតេជោ បានបន្តថា ទំហំពាណិជ្ជកម្ម ជំនួយ និងការវិនិយោគផ្សេងៗចេញពីសហភាពអឺរ៉ុបបាននាំមកឱ្យកម្ពុជាបានកសាងប្រទេស និងរើបម្រាស់ខ្លួន ពីការស្ថានការណ៍លំបាកបន្ទាប់ពីចេញពីរបបប្រល័យពូជសាសន៍។
សម្ដេច បន្តទៀតថា កម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំង ចំពោះការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ជាមួយសហភាពអឺរ៉ុប និងអរគុណសហភាពអឺរ៉ុបដែលបានជួយកម្ពុជាក្នុងការស្ដារប្រទេសជាតិឡើងវិញក្រោយវិបត្តិផ្សេងៗ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ធនធានមនុស្ស និងការបោសសម្អាតមីនជាដើម។
គូសបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ទោះបីជាមានការបាត់បង់ពន្ធអនុគ្រោះពាណិជ្ជកម្មខ្លះក៏ដោយ ពាណិជ្ជកម្មរវាងកម្ពុជាជាមួយសហភាពអឺរ៉ុបនៅតែបន្តកើនឡើងរហូតដល់ ១,៥៦ ពាន់លានដុល្លារ រយៈពេល៥ខែ ឆ្នាំ២០២៤។
កម្ពុជា នាំចេញទៅកាន់សហភាពអឺរ៉ុបក្នុងអំឡុងពេលនេះបានកើនឡើង ១១,៨៣% បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០២៣។ បើតាមរបាយការណ៍ដដែល បានបន្ថែមថា ការនាំចេញ និងនាំចូល បានកើនឡើង ៤,១៨% ដល់ ១,៨៨ ពាន់លានដុល្លារ។
របាយការណ៍ដដែលនេះ បានបន្ថែមទៀតថា អាល្លឺម៉ង់និងអេស្ប៉ាញជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជានៅសហភាពអឺរ៉ុប ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៣៨៩ លានដុល្លារ។ កម្ពុជា នាំចេញជាចម្បងនូវវាយនភ័ណ្ឌ ស្បែកជើង កង់ គ្រឿងឧបភោគបរិភោគ អង្ករ និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់សហភាពអឺរ៉ុប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)