Register Already an agent ? Login

ខេត្តស្វយ័តពិសេសជេជូ កូរ៉េ ស្វែងរកឱកាស វិនិយោគលើវិស័យសំខាន់នៅកម្ពុជា និងជំរុញការហោះហើរត្រង់ផងដែរ

ភ្នំពេញ៖ លោក Oh Young-Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ នាជំនួបជាមួយ សម្តេចធិបតី បានគូសបញ្ជាក់ថា ទស្សនកិច្ចកម្ពុជាស្វែងរកឱកាសសម្រាប់ការវិនិយោគលើវិស័យផ្សេងៗទៀត រួមមាន៖ ពាណិជ្ជកម្ម កសិកម្ម អប់រំ និងវិថាមពលស្អាត ជាដើម។ លោក បានបន្តថា នឹងខិតខំស្វែងរកយន្តការ និងបទប្បញ្ញត្តិគាំទ្រសំដៅជំរុញឱ្យមានការហោះហើរត្រង់ផងដែរ។

តាមជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យ លោក Oh Young-Hun និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោក អភិបាលខេត្តជេជូ បានថ្លែងអំណរគុណ សម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងជម្រាបជូន សម្ដេចធិបតីអំពីគោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចមកកម្ពុជានាឱកាសនេះ។

លោក បានបន្តថា គឺដើម្បីចុះ MoU រវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តពិសេសជេជូ ព្រមទាំងបានសម្ដែងនូវការអំណរគុណចំពោះ សម្តេចធិបតី ដែលបានគាំទ្រក្នុងការចុះ MoU វាងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ជាមួយរាជធានីភ្នំពេញនាពេលនេះ និងខេត្តសៀមរាបនាពេលកន្លងមកផងដែរ។

លោក អភិបាលខេត្ត បានបន្តទៀតថា លោក បានជួបពិភាក្សាការងារជាមួយក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជេជូ មកកាន់កម្ពុជា ដោយនឹងខិតខំស្វែងរកយន្តការ និងបទប្បញ្ញត្តិគាំទ្រសំដៅជំរុញឱ្យមានការហោះហើរត្រង់នេះ។

ក្រៅពីនេះ លោក ក៏បានបញ្ជាក់អំពីការស្វែងរកឱកាស សម្រាប់ការវិនិយោគលើវិស័យផ្សេងៗទៀត រួមមាន៖ វិស័យពាណិជ្ជកម្ម កសិកម្ម អប់រំ និងវិស័យថាមពលស្អាត ជាដើម ក្នុងបរិបទនៃភាពជាដៃគូយុទ្ធសាស្រ្ត រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ លោក Oh Young-Hun និងគណៈប្រតិភូ និងបានអបអរសាទរចំពោះការសម្រេចបាននូវការចុះ MoU មួយទៀត រវាងរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ដែលនេះជាផ្នែកមួយក្នុងការរួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ទន្ទឹមនោះ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីការពិភាក្សារវាង សម្តេចធិបតី និង លោក អភិបាលខេត្ត នៅទីក្រុងសេអ៊ូល ក្នុងអំឡុងពេល សម្តេចធិបតី បំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ អំពីការតភ្ជាប់រវាងខេត្តជេជូ និងកម្ពុជា តាមរយ:ការផ្តោតសំខាន់លើការជំរុញនូវកំណើនទេសចរណ៍ និងជំរុញឱ្យមានជើងហោះហើរត្រង់ រវាងខេត្តជេជូ និងខេត្តសៀមរាប និងរាជធានីភ្នំពេញ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ លោក អភិបាលខេត្ត បន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការស្វែងរកឱកាសសម្រាប់ការពង្រីកការវិនិយោគ នៅក្នុងវិស័យសក្តានុពលនៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dna)