Register Already an agent ? Login

រថភ្លើងទិញពីជប៉ុន នឹងដាក់ឱ្យដំណើរការជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ បានសាកល្បង២ដង ជោគជ័យ

ភ្នំពេញ៖ រថភ្លើង Kiha-183 ប្រភេទDMU (Diesel Multiple Unit) ដែលទិញពីជប៉ុន នឹងដាក់ឱ្យដំណើរការជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ដែលបានធ្វើតេស្តបើកបរសាកល្បងដោយជោគជ័យ ២លើក លើកទី១ លើផ្លូវដែកភាគខាងត្បូង និងលើកទី២ លើផ្លូវដែកភាគខាងជើង។ បើតាមកមក្រសួងសាធារណការ និងដឹកជញ្ជូន។

រថភ្លើង Kiha-183 ប្រភេទDMU (Diesel Multiple Unit) ចំនួន ៤គ្រឿង បានបើកបរសាកល្បងជាថ្មី លើផ្លូវដែកភាគខាងជើង (ភ្នំពេញ-មានក-ខេត្តកំពង់ឆ្នាំង)ចម្ងាយផ្លូវជាង ៥៥គីឡូម៉ែត្រប្រកបដោយជោគជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីការបើកបរសាកល្បងលើកទី១ លើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។

ការបើកសាកល្បងលើកទី២នេះ បានធ្វើឡើងក្នុងល្បឿនចន្លោះពី ៣០ ទៅ ៥០គីឡូម៉ែត្រ/ម៉ោង ពោលគឺតាមបទដ្ឋានដែលបានកំណត់។

ក្រុមមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia(RRC) បានសហការគ្នាពិនិត្យ និងតាមដានដំណើរការបើកបរសាកល្បងនេះ ដោយផ្តោតជាពិសេសលើ ដំណើរការកង់ ប្រព័ន្ធហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។

គូសបញ្ជាក់ថា រថភ្លើង៤គ្រឿង ក្នុងចំណោម ១១គ្រឿង ដែលក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ (RRC) បានទិញពីជប៉ុន បើកបរធ្វើតេស្តសាកល្បង មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។

កាលពីថ្ងៃទី៨ ខែមិថុនា នេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ តាមដានការធ្វើតេស្តសាកល្បងរថភ្លើងប្រភេទ Kiha-183 ដែលត្រូវបានកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មិល្លីម៉ែត្រ មក១០០០ មិល្លីម៉ែត្រ រួចរាល់ចំនួន ៤គ្រឿង នៅខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា នៅពេលដាក់ដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយជាពីរខ្សែ ក្នុងនោះរួមមាន៖ ១-ខ្សែផ្លូវរថភ្លើងភាគខាងត្បូងភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ក្នុងល្បឿន ៨០គីឡូម៉ែត្រ/ម៉ោង និង ២-ខ្សែផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ក្នុងល្បឿនចន្លោះពី ៣០ ទៅ ៥០គីឡូម៉ែត្រ/ម៉ោង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)