Register Already an agent ? Login

សំណង់ស្ទាក់ទឹកស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ វឌ្ឍនភាព ៧០% ខណៈ ស្តារប្រឡាយព្រែកហូរ ខេត្តកណ្តាល ៩៥%

ភ្នំពេញ៖ វឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ សម្រេចបានប្រមាណ ៧០% ខណៈ ស្តារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥%។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រុមការងារព័ត៌មាន សម្ដេចធិបតី ចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

លោក រដ្ឋមន្ត្រី និងក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងមានទ្វារទឹកចំនួន៥ ទ្វារនីមួយៗមានទទឹង ៨,៥ម៉ែត្រ និងមានកម្ពស់ ៧,៥ម៉ែត្រ នៃអនុគម្រោងប្រព័ន្ធដោះទឹកស្ទឹងតូច។

អនុគម្រោងនេះរួមមាន៖ ១-ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ទំហំមាត់លើ ១០០ម៉ែត្រ គិតទាំងខ្នងទំនប់សងខាង និងបាត ៤០ម៉ែត្រ និង ២-សាងសង់សំណង់សិល្បការ្យសរុប ៦៨កន្លែង ក្នុងនោះ លូគ្រប់ប្រភេទចំនួន ៥៤កន្លែង ជួសជុលស្ពានចំនួន ១៣កន្លែង និងសាងសង់ទ្វារទឹក ១កន្លែង។

តាមការបញ្ជាក់ពី លោក រដ្ឋមន្ត្រី ប្រព័ន្ធស្ទឹងតូចមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺបានប្រមាណ ៣០០ម៉ែត្រគូប ក្នុង១វិនាទី ទៅទន្លេបាទី ធ្លាក់ទៅទន្លេបាសាក់។ លោក បានឱ្យដឹងថា គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៧០%។

ជាមួយគ្នានេះ ក៏បានចុះពិនិត្យការងារសាងសង់ស្ថានីយបូមទឹកសាក់សំពៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានអគារកម្ពស់ ៨ម៉ែត្រ មានទទឹងខាង ២៧ម៉ែត្រ និងបណ្តោយទាំងថ្មការពារជើងទេរមុខក្រោយ ១៥០ម៉ែត្រ មានក្បាលបូម ៦គ្រឿង អាចបូមទឹកបាន ៣០ម៉ែត្រគូប ក្នុង១វិនាទី នៃអនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក។

ក្នុងថ្ងៃដដែល លោក រដ្ឋមន្ត្រី និងក្រុមការងារ ក៏បានចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

បើតាម លោក រដ្ឋមន្ត្រី ប្រព័ន្ធនេះមានសក្តានុពលដោះទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ចំណុចស្ពានព្រែកហូរ នៃភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅបានប្រមាណ ៥១៥ម៉ែត្រគូប ក្នុង១វិនាទី ទៅតាមព្រែកយាយជា ២១៥ម៉ែត្រគូបក្នុង១វិនាទី ប្រឡាយភ្ជាប់លេខ៣ប្រមាណ ២០០ម៉ែត្រគូបក្នុង១វិនាទី និងព្រែកថី ប្រមាណ ១០០ម៉ែត្រគូបក្នុង១វិនាទី គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៩៥%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)