Register Already an agent ? Login

ក្រុមហ៊ុន បច្ចេកវិទ្យាការផលិតថាមពលកកើតឡើងវិញ អេស្ប៉ាញ មានបំណងពង្រីកការវិនិយោគ នៅកម្ពុជាបន្ថែមទៀត

អេស្ប៉ាញ៖ ក្រុមហ៊ុន Acciona Energía ជាក្រុមហ៊ុនដ៏ធំ ប្រតិបត្តិការលើបច្ចេកវិទ្យាការផលិតថាមពលកកើតឡើងវិញ របស់អេស្ប៉ាញ មានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

តាមការបង្ហាញបំណងពង្រីកការវិនិយោគនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា ទស្សនកិច្ចមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía កាលពីនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

គណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងបទបង្ហាញជូនគណៈប្រតិភូកម្ពុជា ក្រុមហ៊ុន Acciona Energía បានជម្រាបជូនអំពីបេសកកម្មការងារ និងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលកកើតឡើងវិញ ពិសេសឯកទេសក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។

តាមរយៈតាបបទបង្ហាញ តំណាងក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុនផលិតថាមពលដ៏ធំមួយនេះ មានបុគ្គលិកប្រមាណជាង ៥៨.០០០នាក់ មកពី ៤០ប្រទេសផ្សេងៗគ្នាបម្រើការងារ។

បើតាមជំនួបនេះ តំណាងក្រុមហ៊ុន បានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុន Acciona Energía មានគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់មួយចំនួននៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏មានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)