ភ្នំពេញ៖ រយៈពេល ៥ខែឆ្នាំ២០២៤ កម្ពុជា បាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ រកចំណូលបាន៤,៨៩ពាន់លានដុល្លារ កើន២០,៦៩ភាគរយ បើធៀបគ្រាដូចគ្នាឆ្នាំ២០២៣។ បើយោងតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់ថា កើនឡើងវិញនេះ ក្រោយពីមានការធ្លាក់ចុះជិត ១៨ខែចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២។
វិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ មិនត្រឹមតែជាទីពឹងផ្នែកសេដ្ឋកិច្ចតាមរយៈការនាំចេញសម្រាប់កម្ពុជានោះទេ ប៉ុន្តែ ថែមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋជិតមួយលាននាក់ ផងដែរ។ ជាការបន្ត អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបន្ថែមថា ប្រមាណ ៤៨% នៃប្រាក់ចំណូលនាំចេញសរុបរបស់កម្ពុជាមានចំនួន១០ពាន់លានដុល្លារ ក្នុងអំឡុង ខែមករាដល់ខែឧសភា ឆ្នាំ២០២៤ បានមកពីការនាំចេញពីវិស័យខាងលើ។
បើតាម អគ្គនាយកដ្ឋានគយដដែល ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិជាង ១០,០៧ពាន់លានដុល្លារ កើន ១៥,៤% ខណៈ ការនាំចូលមកវិញសម្រេចបាន ១១,២៦ពាន់លានដុល្លារ។
កម្ពុជា នាំទំនិញចេញមានដូចជា៖ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។
រីឯ ទំនិញ កម្ពុជានាំចូល រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀត។
គូសបញ្ជាក់ផងដែរថា កម្ពុជា នាំចេញនិងនាំចូលទំនិញច្រើនជាងគេក្នុងរយៈពេល ៥ខែនៃឆ្នាំ២០២៤នេះ រួមមាន ប្រទេសចិន សម្រេចបានជិត ៦ពាន់លានដុល្លារ, វៀតណាម សម្រេចបាន ៣,៥៥ពាន់លានដុល្លារ, អាម៉េរិក សម្រេចបាន ៣,៥២ពាន់លានដុល្លារ, ថៃ សម្រេចបាន ១,៧៣ពាន់លានដុល្លារ និងមានប្រទេសផ្សេងៗទៀតផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)