សហភាពអឺរ៉ុប៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចគោះទ្វារវិនិយោគ នៅសហភាពអឺរ៉ុប ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ នាអំឡុងនេះបានជួបពិភាក្សាការងារជាមួយបណ្ដាក្រុមហ៊ុនធំៗជាង ៣០ក្រុមហ៊ុន។
បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប អមដោយគណៈប្រតិភូកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រី Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម អេស្ប៉ាញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
ជាជំនួបពិភាក្សាការងារដំបូង ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុបនាឱកាសនេះ លោក ស៊ុន ចាន់ថុល បានជម្រាបជូន លោកស្រី Amparo អំពីសក្តានុពលវិជ្ជមានរបស់ព្រះកម្ពុជា មានជាអាទិ៍ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជាដែលមានភាពវ័យក្មេងប្រកបដោយថាមពល និងថាមវន្ត។
លោក បានបន្តថា រាជរដ្ឋាភិបាល គាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលមានភាពអនុគ្រោះ និងភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគបានផងដែរ។ បន្ថែមពីនេះ លោក បានរំពឹងថា កម្ពុជានិងអេស្ប៉ាញ អាចពិនិត្យរៀបចំឱ្យមានសន្ធិសញ្ញាវិនិយោគទ្វេភាគី សំដៅបង្កភាពងាយស្រួលដល់ការវិនិយោគ និងទំនាក់ទំនងផងដែរ។
បន្ទាប់ពីបានស្ដាប់ប្រសាសន៍ លោក ស៊ុន ចាន់ថុល លោកស្រី Amparo បានបង្ហាញការស្វាគមន៍ជូនចំពោះ ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ចំពោះដំណើរទស្សនកិច្ចក្នុងប្រទេសអេស្ប៉ាញនាឱកាសនេះ ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ដែលវិនិយោគិនអេស្ប៉ាញ អាចវិនិយោគលើវិស័យទេសចរណ៍ ថាមពលកកើតឡើងវិញ ឱសថ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ និងវិស័យផ្សេងៗមួយចំនួនទៀតនៅកម្ពុជាផងដែរ។
នាថ្ងៃដដែល មន្រ្តីជាន់ខ្ពស់ទាំងពីរ បានអញ្ជើញជាសហធិបតី ក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់អេស្ប៉ាញ ដែលបានរៀបចំនិងមានការចូលរួមពី សភាពាណិជ្ជកម្មអេស្ប៉ាញ, សហព័ន្ធអង្គការពាណិជ្ជកម្មអេស្ប៉ាញ(CEOE), គណៈប្រតិភូកម្ពុជា និងវិស័យឯកជនជាច្រើនរូប។
មានប្រសាសន៍ក្នុងសុន្ទរកថាគន្លឹះ លោក ស៊ុន ចាន់ថុល បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួម និងមានប្រសាសន៍ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នាឱកាសនេះ ព្រមទាំងបានជម្រាបជូនអំពីសក្តានុពលកម្ពុជាមានជាអាទិ៍ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជា ភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធកម្ពុជាទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែក ពិសេសមានរាជរដ្ឋាភិបាលផ្ដល់ការគាំទ្រដល់ភាពរីកចម្រើនរបស់ធុរជន និងច្បាប់វិនិយោគមានភាពបើកចំហរជូនវិនិយោគិនពីគ្រប់ប្រទេស។
ជាសុទិដ្ឋិនិយមសម្រាប់កិច្ចសម្របសម្រួលជូនវិនិយោគិន លោក បានបង្ហាញនូវជំនឿយ៉ាងមុតមាំថាវិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួមនាពេលនេះនឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចអេស្ប៉ាញឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគក្នុងប្រទេសអេស្ប៉ាញ បានទទួលជួបពិភាក្សាការងារជាមួយបណ្ដាក្រុមហ៊ុនធំៗរបស់អេស្ប៉ាញ ដើម្បីបញ្ជ្រាបបន្ថែមទៀតអំពីបេសកកម្ម និងការត្រៀមខ្លួនរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការសម្របសម្រួលកិច្ចការងាររបស់វិនិយោគិនដើម្បីធានានូវជោគជ័យភាពរបស់បណ្ដាក្រុមហ៊ុនដែលសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា។
បណ្ដាក្រុមហ៊ុនធំៗរបស់អេស្ប៉ាញ ដែលបច្ចុប្បន្នកំពុងវិនិយោគលើវិស័យជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធ រថភ្លើង វិស្វកម្មនិងសំណង់ ឱសថ សុខាភិបាល ការអប់រំ ធនធានទឹកនិងថាមពល និងកសិកម្មជាដើម។
បណ្ដាក្រុមហ៊ុនដែល ឧបនាយករដ្ឋមន្ត្រីទទួលជួបពិភាក្សាការងារមានដូចជា៖
១. ក្រុមហ៊ុន INSUD PHARMA ដែលជាក្រុមហ៊ុនឱសថល្បីល្បាញមួយមានជំនាញក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការផលិតថ្នាំដែលមានគុណភាពខ្ពស់ និងបច្ចុប្បន្នមានប្រតិបត្តិការនៅប្រមាណជាង ៤០ប្រទេសរួចមកហើយ។
២. ក្រុមហ៊ុន CENTUNION គឺជាក្រុមហ៊ុនវិស្វកម្ម និងសំណង់ ដែលមានឯកទេសក្នុងការរចនា និងប្រតិបត្តិការគម្រោងឧស្សាហកម្មនៅទូទាំងពិភពលោក ជាមួយនឹងបទពិសោធន៍ប្រមាណ ៦០ឆ្នាំ លើគម្រោងដែលបានបញ្ចប់រួចរាល់ជាង៣០០ នៅ៥០ប្រទេសរួមមានតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
៣. ក្រុមហ៊ុន MELIA GROUP មានប្រតិបត្តិការអាជីវកម្មសណ្ឋាគារឈានមុខគេលំដាប់ពិភពលោក ជាមួយសណ្ឋាគារចំនួនជាង៣៨០ នៅក្នុងប្រទេសចំនួន៤០។ MELIA Hotels International កំពុងស្វែងរកដៃគូសហការនៅកម្ពុជា ដើម្បីពង្រីកសណ្ឋាគារ និងទេសចរណ៍ក្នុងប្រទេសផងដែរ។
៤. ក្រុមហ៊ុន MOLECOR គឺជាក្រុមហ៊ុនដែលមានឯកទេសក្នុងការផលិតបំពង់ PVC-O ដែលមានគុណភាពខ្ពស់។ បច្ចុប្បន្ននេះ ផលិតផលរបស់ក្រុមហ៊ុន MOLECOR ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាង២៥រួចមកហើយ។
៥. ក្រុមហ៊ុន CAF គឺជាក្រុមហ៊ុនដែលមានវត្តមាននៅប្រមាណ៤០ប្រទេសរួចមកហើយ ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនក្នុងដំណោះស្រាយផ្លូវដែក រួមមានរថភ្លើងល្បឿនលឿន និងការថែទាំជាដើម។
៦. ក្រុមហ៊ុន BIORIZON BIOTECH គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាផ្តោតលើជីវបច្ចេកវិទ្យា សម្រាប់វិស័យកសិកម្ម។
៧. ក្រុមហ៊ុន EDUCTRADE គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ជាង៤០ឆ្នាំ ក្នុងគម្រោងជាច្រើន លើវិស័យសុខាភិបាល ការអប់រំ ធនធានទឹកនិងថាមពល នៅប្រមាណ៤០ប្រទេសទូទាំងពិភពលោក។
៨. ក្រុមហ៊ុន TALGO ជាក្រុមហ៊ុនដែលមានឯកទេសក្នុងការរចនា ផលិត និងថែទាំរថភ្លើង ដែលក្រុមហ៊ុននេះបានដាក់សាកល្បងប្រើប្រាស់ផ្លូវរថភ្លើងដំបូងរបស់ខ្លួនតាំងពីឆ្នាំ១៩៤១។
ក្រៅអំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុនខាងលើនេះ គណៈប្រតិភូកម្ពុជាអញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលមានសមាសភាពមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, សភាពាណិជ្ជកម្មកម្ពុជា, សមាគមឧកញ៉ា, និងវិស័យឯកជនកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារ (Business-to-Business_B2B) ជាមួយតំណាងក្រុមហ៊ុនប្រមាណជាង ៣០ផ្សេងទៀតរបស់អេស្ប៉ាញផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)