ស្វាយរៀង-ខេត្តព្រៃវែង៖ វឌ្ឍនភាព គម្រោងសាងសង់ទំនប់សណ្តអាងទឹកគៀនតាស៊ីវ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង សម្រេចបានប្រមាណ ៧០% ខណៈ គម្រោងស្តារប្រឡាយមេស្តៅកោង ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រៃវែង សម្រេចបានប្រមាណ ៣០%។ បើតាម លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងទាំងពីរ។
លោក ប៊ុន ហ៊ាន បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម និងប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះពិនិត្យគម្រោងសាងសង់ទំនប់សណ្ដអាងទឹកគៀនតាស៊ីវ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងគម្រោងស្ដារប្រឡាយមេស្តៅកោង ក្នុងខេត្តព្រៃវែង។
តាមការចុះពិនិត្យ លោក ប៊ុន ហ៊ាន បានឱ្យដឹងថា គម្រោងសាងសង់ទំនប់សណ្តអាងទឹកគៀនតាស៊ីវ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង រួមមាន៖ ១-ជួសជុលទំនប់សណ្តប្រវែង ៣៦០០ម៉ែត្រ និង២-សាងសង់សំណង់សិល្បការ្យតូច-ធំចំនួន ៥កន្លែង គិតមកដល់ពេលនេះការងារសម្រេចបានប្រមាណ ៧០%។
ទំនប់អាងទឹកគៀនតាស៊ីវមានទីតាំងស្ថិតនៅឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានចម្ងាយ ២៨គីឡូម៉ែត្រ ពីទិសខាងជើងនៃទីរួមខេត្តស្វាយរៀង។ បើតាមការបន្ត លោក ប៊ុន ហ៊ាន។
លោក បានបន្តទៀតថា ទំនប់អាងទឹកនេះ ទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងនៅរដូវវស្សាទទួលប្រភពទឹកពីព្រែកបន្ទាយ មកធ្វើការស្រោចស្រពលើផ្ទៃដី បង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៦៥០ហិកតា ស្រូវប្រាំងលើកទី១ចំនួន ២១០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ២១០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ១០ហិកតា ជូនដល់ប្រជាជនប្រមាណ ១ ២៧០គ្រួសារ ក្នុងភូមិចំនួន៩ នៃឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ជាមួយគ្នានេះ លោក និងក្រុមការងារបានចុះពិនិត្យគម្រោងស្តារប្រឡាយមេស្តៅកោង ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រៃវែង ចំនួន១ខ្សែ ប្រវែង ៤ ៦៥០ម៉ែត្រ និងការងារសាងសង់សំណង់សិល្បការ្យតូច-ធំចំនួន ១៤កន្លែង ហើយបើតាម លោក រដ្ឋលេខាធិការ បានឱ្យដឹងថា រហូតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៣០%។
ប្រឡាយមេស្តៅកោងនេះ មានទីតាំងស្ថិតនៅឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃរែង មានចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រ ប៉ែកខាងកើតឆៀងខាងត្បូងរាធានីភ្នំពេញ។
ប្រឡាយមេនេះ ជាប្រឡាយចាស់មានប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងតភ្ជាប់ចរន្តទឹកពីប្រឡាយមេវ៉ៃគោ ប្រឡាយមេព្រៃចំការ អូរព្រៃឃ្នេស និងប្រឡាយមេស្ពឺ មកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៣៨០ហិកតា ស្រូវប្រាំងលើកទី ១ចំនួន ៣២០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ៣២០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន១០ហិកតា ជូនដល់ប្រជាជនប្រមាណ ៤២០គ្រួសារ ក្នុងចំនួន ៤ភូមិ នៃឃុំស្ពឺ(ខ) និងឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោក បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព និងលក្ខណៈបច្ចេកទេស ជាពិសេសជំរុញការងារឱ្យបានទាន់ពេលវេលាសម្រាប់បងប្អូនប្រជាកសិករបានប្រើប្រាស់ក្នុងរដូវស្សានាពេលខាងមុខ។
ទន្ទឹមនឹងនេះ លោក ក៏បានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយការប្រើប្រាស់ទំនប់អាងទឹក និងប្រឡាយមេ និងចូលរួមថែរក្សាប្រឡាយនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)