បន្ទាយមានជ័យ៖ វឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ សម្រេចបាន ៤៥,០៧% នៃផែនការ ៤២,៩០% គឺលើសផែនការ ២,១៧% គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦ មានសក្តានុពលស្រោចស្រពលើផ្ទៃដីប្រមាណ ១៨៤១៦ ហិកតានារដូវវស្សា និង ៣៥០០ហិកតា នារដូវប្រាំង។
លោក ប៉ុញ សច្ច: រដ្ឋលេខាធិការ តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្តី្រក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងខាងលើ ដោយមានការចូលរួមពី អភិបាលខេត្តបន្ទាយមានជ័យ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ទីប្រឹក្សាគម្រោង ក្រុមហ៊ុនម៉ៅការសាងសង់ និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើននាក់ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។
រដ្ឋលេខាធិការ បានលើកឡើងពីសាវតាសង្ខេប និងវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ សម្រាប់បម្រើដល់ការប្រើប្រាស់ក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ជាពិសេសពីផលប្រយោជន៍នៃគម្រោងក្រោយការសាងសង់ហើយ ដែលមានសក្តានុពលស្រោចស្រពលើផ្ទៃដីប្រមាណ ១៨៤១៦ហិកតា នារដូវវស្សា និង ៣៥០០ហិកតានារដូវប្រាំង។
លោក បានបន្តថា គម្រោងអភិវឌ្ឍន៍នេះគ្របដណ្តប់លើឃុំសង្កាត់ចំនួន ១១ នៃក្រុងនិងស្រុកចំនួន៤ នៃខេត្តបន្ទាយមានជ័យ មានស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត និងសិរីសោភ័ណ្ឌ និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៤២ ២១៣គ្រួសារ។
រដ្ឋលេខាធិការបានបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៤៥,០៧% នៃផែនការ ៤២,៩០% គឺលើសផែនការ ២,១៧% ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)