Register Already an agent ? Login

កម្ពជា-ឥណ្ឌូណេស៊ី យល់ស្របការផ្លាស់ប្តូរពាណិជ្ជកម្មមិនទាន់ប្រើប្រាស់អស់សក្ដានុពល ខណៈ សម្រេចបាន១ពាន់លានដុល្លារ

ភ្នំពេញ៖ បច្ចុប្បន្ន ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៊ី មានប្រមាណ ១ពាន់លានដុល្លារ ដោយមិនទាន់ប្រើប្រាស់អស់សក្ដានុពលនៅឡើយទេ។ ជាការលើកឡើង ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ដែលស្របប្រសសន៍ សម្តេចតេជោ ភាគីទាំងពីរត្រូវតែពិនិត្យមើល អ្វីដែលអាចជំរុញកំណើនពាណិជ្ជកម្មឱ្យបានច្រើនថែមទៀត ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមក។

តាមការលើកឡើងដូចគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំព្រះកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ លោក Santo ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា។ សម្តេច ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកទូត បានថ្លែងអំណរគុណ សម្ដេចតេជោ ដែលបានផ្ដល់ឱកាសឱ្យ លោក បាននាំសហការី ចូលជួបសំដែងការគួរសម ។ លោក សង្ឃឹមថា សម្ដេចតេជោ ក្នុងឋានជាប្រធានព្រឹទ្ធសភា នឹងបន្តទំនាក់ទំនងល្អរវាងប្រជាជន និងស្ថាប័នព្រឹទ្ធសភាកម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

សម្ដេចតេជោ គឺជាមិត្តល្អ ជាមិត្តពិតប្រាកដរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានរួមចំណែកក្នុងទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន។ ជាការលើកឡើង លោកទូត ក៏បានអបអរសាទរផងដែរ ចំពោះជោគជ័យរបស់កម្ពុជាក្នុងឋានជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២ ហើយដែលឥណ្ឌូណេស៊ី បានបន្តការងារជាប្រធានអាស៊ានដោយកសាងលើសមិទ្ធផលរបស់កម្ពុជា នៅឆ្នាំ២០២៣។

លោក Santo បានលើកឡើងពីសក្ដានុពលក្នុងវិស័យកសិកម្ម ដែលនៅឆ្នាំ២០២៣កន្លងមក ប្រទេសឥណ្ឌូណេស៊ីចាប់ផ្ដើមនាំចូលស្រូវអង្ករពីប្រទេសកម្ពុជា ហើយនិងពីការចាប់អារម្មណ៍លើការវិនិយោគផលិតស្រូវនៅកម្ពុជាតែម្ដង។ លោក បន្តថា ក្នុងវិស័យពាណិជ្ជកម្ម បានពិនិត្យឃើញថា បច្ចុប្បន្នទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៊ី មានប្រមាណ ១ពាន់លានដុល្លារ ហើយមិនទាន់ប្រើប្រាស់អស់សក្ដានុពលនៅឡើយទេ។ កម្ពុជា គឺជាដៃគូដ៏រឹងមាំ ហើយមានសក្ដានុពលច្រើនទៀត ដែលអាចជំរុញឱ្យទំហំពាណិជ្ជកម្មបានលើសជាងនេះទៅទៀត។ ការគូសបញ្ជាក់ លោកទូត។

នាជំនួបនេះ សម្ដេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងបន្តការងារជាមួយ ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។ សម្ដេចតេជោ បន្តថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងយូរអង្វែងហើយពុំដែលមានបញ្ហាអ្វីជាមួយគ្នានោះទេ។

ចំពោះកិច្ចសហប្រតិបត្តិការនិងវិនិយោគ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ថា ៖

ត្រូវចាប់យកវិស័យកសិកម្មជាស្នូល នាពេលខាងមុខនេះ ដោយកម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ហើយ ឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើន ត្រូវការស្បៀង។ កម្ពុជាអាចជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាព បានជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់នៅប្រទេសកម្ពុជាតែម្ដង គឺការរៀបចំជាប្រព័ន្ធផលិត ស្តុកទុក កិន ហើយអាចវេចខ្ចប់ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត។

ការវិនិយោគដោយត្រង់នេះ នឹងមានផលប្រយោជន៍បំពេញឱ្យគ្នាទៅវិញទៅមក អាចជួយឱ្យកសិករកម្ពុជាមានទីផ្សារ ហើយសាធារណរដ្ឋឥណ្ឌូណេស៊ីមានប្រភពធានានូវសន្តិសុខស្បៀងរយៈពេលយូរអង្វែង។

ទាក់ទងនឹងវិស័យពាណិជ្ជកម្ម សង្កេតឃើញថាមានទំហំកើនឡើង តែមិនទាន់អស់សក្កានុពលដែលប្រទេសទាំងពីរមាននៅឡើយ។ ភាគីទាំងពីរត្រូវតែពិនិត្យមើល អ្វីដែលអាចជំរុញកំណើនពាណិជ្ជកម្មឱ្យបានច្រើនថែមទៀត ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមកព្រោះថាយើងមានកិច្ចព្រមព្រៀងមួយចំនួន ដូចជាក្នុងក្របខណ្ឌ AFTA និង RCEP ជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)