ភ្នំពេញ៖ លោក Park Jung-wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានបង្ហើបប្រាប់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាឱ្យដឹងថា ទាក់ទងនឹងគម្រោងស្ពាន មិត្តភាពកម្ពុជា-កូរ៉េ តែងតែតាមដានដំណើរការនេះយ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថាការរៀបចំសាងសង់ស្ពាននេះមានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ។
តាមការបង្ហើបប្រាប់គម្រោងស្ពាន មិត្តភាពកម្ពុជា-កូរ៉េ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ លោក Park Jung-wook ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
មុននឹង លោក Park Jung-wook បង្ហើបពីការចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានឡើងដូច្នេះថា “សម្តេចសង្ឃឹមថា នឹងបានឃើញដោយផ្ទាល់ភ្នែកក្នុងពេលឆាប់ៗខាងមុខនូវ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរនេះ ដែលបានស្នើឡើងដោយផ្ទាល់”។
សម្ដេចតេជោ ក៏បានលើកឡើងទៀតថា ប្រទេសយើងទាំងពីរ កម្ពុជា-កូរ៉េ ជាប្រទេសដន្លងនឹងគ្នា ដោយស្ត្រីកម្ពុជាជាច្រើនបានរៀបការជាមួយនឹងបុរសជនជាតិកូរ៉េ ដូច្នេះ គួរធ្វើយ៉ាងណាឱ្យកូនកាត់កម្ពុជា-កូរ៉េទាំងនោះអាចចេះទាំង២ភាសាគឺភាសាកម្ពុជា និងភាសាកូរ៉េ ដើម្បីឱ្យគេស្គាល់អត្តសញ្ញាណរបស់គេ។
នាជំនួបនេះ លោកទូត បានរំលឹកផងដែរជាមួយនឹងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្រឹងប្រែងនិងការរួមចំណែករបស់ សម្ដេចតេជោ ក្នុងការភ្ជាប់ឡើងវិញនូវទំនាក់ទំនងការទូតជាមួយនឹងសាធារណរដ្ឋកូរ៉េកាលពីឆ្នាំ១៩៩៧។
លោក ក៏បានជម្រាបអំពីកំណើនការវិនិយោគកូរ៉េនៅកម្ពុជា និងកំណើនពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ គណៈកម្មាធិការចម្រុះ CKFTA បានរៀបចំកិច្ចប្រជុំលើកទី១ ដោយជោគជ័យ និងបានពិនិត្យគម្រោងនានា ដែលក្នុងនោះក៏មានគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាគម្រោងស្នើដោយ សម្តេចតេជោផ្ទាល់ ក្នុងឆ្នាំ២០២២។
ស្ថានទូតសាធារណរដ្ឋកូរ៉េ និងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការចម្រុះ CKFTA និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជាការគូសបញ្ជាក់ លោក Park។
ក្នុងបរិយាកាសនោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណដល់ការយកចិត្តទុកដាក់របស់កូរ៉េ ចំពោះប្រទេសកម្ពុជា ទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ និងចាត់ទុកថានេះជាមរតក ដែលសម្តេចបានផ្តល់តាមរយៈការប្រឹងប្រែងភ្ជាប់ទំនាក់ទំនងការទូតជាមួយកូរ៉េឡើងវិញ បន្ទាប់ពី សម្តេច ធ្វើទស្សនកិច្ចលើកដំបូងទៅកូរ៉េក្នុងឆ្នាំ១៩៩៦។ សម្តេច មានការជឿជាក់ខ្ពស់ថា កំណើននៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកូរ៉េ ប្រាកដជានាំមកនូវកំណើននៃទំនាក់ទំនងផ្នែកនយោបាយ។
កត្តាសន្តិភាព និងស្ថិរភាពនយោបាយ គឺជាអ្វីដែលអ្នកវិនិយោគត្រូវការ ហើយប្រទេសកម្ពុជា ក្រោមការគិតគូរ និងការលះបង់ធំធេងរបស់ សម្តេច ទោះបីជាមានការផ្ទេរអំណាចទៅឱ្យថ្នាក់ដឹកនាំវ័យក្មេង ក៏ប្រទេសកម្ពុជានៅតែមានសន្តិភាព និងស្ថិរភាពនយោបាយរយៈពេលវែង។ ជាការគូសបញ្ជាក់ សម្ដេចតេជោ បានបន្តថា ជាក់ស្តែង ៩ខែកន្លងមកនេះ ប្រទេសកម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបន្តមានកំណើនសេដ្ឋកិច្ច និងការកើនឡើងនៃការនាំចេញ និងប្រាក់ចំណូល ដែលនាំឱ្យប្រទេសបន្តដំណើរទៅមុខបានជាប្រក្រតី។
នាឱកាសនោះ សម្តេចតេជោ បានលើកឡើងថា ភាគីទាំងពីរខិតខំអនុវត្តកិច្ចព្រមព្រៀងដែលមានជាមួយគ្នាជាពិសេសគឺតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលនឹងជួយធ្វើឱ្យប្រទេសទាំងពីរកាន់តែមានជំនឿទុកចិត្តគ្នា និងមានតម្លៃនយោបាយផងដែរ។ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យអ្នកវិនិយោគទុនកូរ៉េពិនិត្យលើការបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនកូរ៉េតាមរូបមន្តមួយបូកនៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)