ភ្នំពេញ៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងចំពោះមុខ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ពាក់ព័ន្ធវិស័យទេសចរណ៍ ចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីមកកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ហើយរុស្ស៊ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។
តាមការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ Anatoly Borovik ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
នាជំនួបនេះ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ី មានទំនាក់ទំនងមិត្តភាពជិតស្និទ្ធនិងប្រវត្តិយូរអង្វែងរយៈពេល ៦៨ឆ្នាំហើយ។ រុស្ស៊ី កំពុងតែខិតខំព្យាយាមដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ លោក បានបង្ហាញថា នឹងខិតខំធ្វើយ៉ាងណាក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ទំនាក់ទំនងរវាងក្រុមមិត្តភាពរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងរីកចម្រើនជាលំដាប់។
ពាកព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច លោក បានសង្កេតឃើញថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរនៅតូចនៅឡើយ ដោយ បញ្ជាក់ថា ក្រុមហ៊ុនរុស្ស៊ីមួយចំនួនកំពុងតែស្វែងរកដៃគូរបស់ខ្លួន ហើយកំពុងតែធ្វើការជាមួយនឹងសភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីវិនិយោគនៅកម្ពុជា។
នាឱកាសនោះ លោកទូត ក៏បានបញ្ជាក់ផងដែរថា ទាក់ទងនឹងបញ្ហាបំណុល ការចរចាគឺមានជំហានទៅមុខជាវិជ្ជមាន។ លោក បានរំឭកថា ក្នុងរយៈពេលកន្លងមកនេះ សហព័ន្ធរុស្ស៊ីបានជួយកសាងសេដ្ឋកិច្ចនៅកម្ពុជាហើយក៏មាននូវកិច្ចសហប្រតិបត្តិការជាច្រើនទាក់ទងនឹងបញ្ហាបច្ចេកទេស។
លោក បានលើកឡើងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ សហព័ន្ធរុស្ស៊ីបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនទៅបំពេញការសិក្សានៅប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនោះ រុស្ស៊ីក៏បានរៀបចំឱ្យមានជាទស្សនកិច្ចរបស់យុវជនក្មេងៗបានទៅទស្សនកិច្ចនៅប្រទេសរុស្ស៉ីផងដែរ។
លោក ក៏បានគូសបញ្ជាក់ថា ដោយរំឭកថា នៅលើវេទិការអន្តរជាតិ កម្ពុជានិងរុស្ស៊ីបានជួយគ្នានិងសម្របសម្រួលគ្នានៅលើយន្តការអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនិងតំបន់ ហើយសូមអរគុណកម្ពុជាក្នុងតួនាទីជាអ្នកសម្របសម្រួលរវាងអាស៊ាននិងរុស្ស៊ីក្នុងការជួយពង្រឹងភាពជាដៃគូសន្ទនារបស់រុស្ស៊ីនៅក្នុងអាស៊ានផងដែរ។
ក្នុងបរិយាកាសនោះ លោក បានរំឭកទៀតថា កម្ពុជាជាមិត្តចាស់ មិត្តគួរឱ្យទុកចិត្ត ជាដៃគូដ៏ល្អ និងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកនូវទំនាក់ទំនងដែលមានសក្តានុពល និងជំរុញដល់កិច្ចសហការដើម្បីអភិវឌ្ឍន៍ និងដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងថា ក្នុងរយៈពេល៦៨ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គណបក្សប្រជាជន និងសម្ដេចតេជោ ស្ថិតនៅក្នុងឋានជារដ្ឋមន្ត្រីការបរទេស និងជានាយករដ្ឋមន្តី បានគ្រប់គ្រងអស់រយៈពេលប្រមាណ ៤៥ឆ្នាំ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានថ្លែងអរគុណចំពោះជំនួយសព្វបែបយ៉ាងរបស់សហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៊ី ដែលបានជួយកម្ពុជានៅពេលដែលកម្ពុជាទើបរំដោះបានពីរបបខ្មែរក្រហម។
លើទំនាក់ទំនងសហប្រតិបត្តិការដទៃទៀត សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ សូមឱ្យជំរុញនូវអ្វីដែលអាចធ្វើទៅបាន ជាពិសេស សូមឱ្យរុស្ស៊ីយកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់ ពីព្រោះ សម្ដេចតេជោ បានចាត់ទុកថា ដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ីមកកាន់ប្រទេសកម្ពុជាហើយ ហើយក៏ជំរុញការដោះស្រាយបំណុលដែលរង់ចាំជាយូរមកហើយនោះ ឱ្យបានឆាប់រួសរាន់ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)