ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបញ្ជាក់ថា កំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បើកការដ្ឋាន “គម្រោងពែ្រកជីកហ្វូណនតេជោ”។ ព្រែកជីកនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន សម្រាប់កម្ពុជា ដែលនឹងផ្ដល់លទ្ធភាពឱ្យកម្ពុជាមានឯករាជ្យភាពលើការដឹកជញ្ជូន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅខេត្តទិសនិរតិ ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីកសាងឱ្យបានព្រែកជីកប្រវត្តិសាស្ត្រក្នុងទឹកដីនៃកម្ពុជា។
ការប្រកាស បើកការដ្ឋាន“គម្រោងពែ្រកជីកហ្វូណនតេជោ” សម្តេចធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកដំណើរការអាជីវកម្មជាផ្លូវការ “កំពង់ផែពហុបំណងកំពត” របស់ក្រុមហ៊ុនកំពតផត ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ដើម្បីកសាងឱ្យបានព្រែកជីកប្រវត្តិសាស្ត្រក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលចង់បានឃើញគម្រោងព្រែកជីកនេះក្លាយជាសមិទ្ធផលជាក់ស្ដែងនៅលើដី។
សម្តេចធិបតី ក៏បានអរគុណដល់ប្រជាពលរដ្ឋកម្ពុជា ទាំងនៅទូទាំងប្រទេស ក៏ដូចជានៅទូទាំងពិភពលោក ដែលចូលរួមបង្ហាញជំហរគាំទ្រគម្រោងប្រវត្ដិសាស្ដ្រ ដើម្បីប្រយោជន៍ជាតិមួយនេះ យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយអំពាវនាវឱ្យបន្តចូលរួមរហូតដល់គម្រោងនេះលេចចេញជារូបរាងទ្បើង និងរួចរាល់ជាស្ថាពរ។
គួរបញ្ជាក់ផងដែរថា កំពង់ផែពហុបំណងកំពត រំពឹងថានឹងក្លាយជាផ្នែកមួយក្នុងការចូលរួមជំរុញឱ្យគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ៊្វូណនតេជោ” ឱ្យកាន់តែមានសក្តានុពល និងអាចលើកកម្ពស់មុខមាត់វិស័យដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាឱ្យកាន់តែមានការប្រកួតប្រជែងខ្ពស់។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយយើងត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ឱ្យកាន់តែរីកចម្រើនថែមទៀត។
ដោយឡែក កំពង់ផែពហុបំណងកំពតនេះ គឺត្រូវចាត់ទុកថានឹងក្លាយជាកំពង់ផែទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែដ៏ទំនើបនិងមានសារៈសំខាន់ ដែលជួយបំពេញបន្ថែមលើមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។
ទោះបីជា កំពង់ផែពហុបំណងកំពត គឺជាការបោះទុនវិនិយោគដោយវិស័យឯកជន ជាអង្គភាពគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម និងទទួលបន្ទុកធ្វើទំនើបកម្មអភិវឌ្ឍកំពង់ផែនេះ ក៏ពិតមែន ក៏កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ ថ្មីមួយទៀតសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពត ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ។
កំពង់ផែពហុបំណងកំពតនេះ មានផ្ទៃដីគោក ២០៧ហិកតា និងផ្ទៃទឹក ៦៧៨ហិកតា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត រីឯដែនទឹកវិញជាកម្មសិទ្ធិរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនកំពតផតគ្រប់គ្រង ថែទាំនិងប្រើប្រាស់សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ ឬកន្លែងនាវាចូលចេញ ផ្ទេរផ្ទុកទំនិញនៅកំពង់ផែ។
សម្រាប់គម្រោងអភិវឌ្ឍន៍កំពង់ផែនៅក្នុងដំណាក់កាលទី១នេះ បានចំណាយទុនវិនិយោគសរុបប្រមាណ ១៤០លានដុល្លារ ដោយមានចំណតនាវាបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ ជម្រៅទឹក -១០ម៉ែត្រ អនុញ្ញាតឱ្យនាវាចំណុះ ១ម៉ឺនតោន ឬស្មើនឹង ៦៦៦TEUs អាចចូលចតបាន។
ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖
បង្គោលចងពួរសម្រាប់នាវាចូលចតអែបចំណតនាវា និងរបាំងការពារការប៉ះទង្គិចនាវា, ការសាងសង់ទីលានកុងតឺន័រមានទំហំផ្ទៃសរុប ៥៥ ០០០ម៉ែត្រការ៉េ, ឃ្លាំងស្តុកទំនិញមានទំហំសរុប ៨ ៨០០ម៉ែត្រការ៉េ, អគារត្រួតពិនិត្យទំនិញមានទំហំ ១ ៣៣០ម៉ែត្រការ៉េ, ការសាងសង់ច្រកទ្វារចូល-ចេញផ្នែកខាងមុខមានរបាំងប៉ុស្តិ៍យាមហ៊ុមព័ទ្ធដោយរបងជុំវិញ។
មានរោងម៉ាស៊ីនភ្លើងចំនួន ២កន្លែង រួមទាំងការសាងសង់អគាររដ្ឋបាលកម្ពស់ ៣ជាន់ មានទំហំសរុប ១ ៦៨៩ម៉ែត្រការ៉េ សម្រាប់ជាការិយាល័យបំពេញការងាររបស់បុគ្គលិកកំពង់ផែ មន្ត្រីគយនិងរដ្ឋាករកម្ពុជា មន្ត្រីសុខាភិបាល មន្ត្រីអន្តោប្រវេសន៍ និងការិយាល័យរបស់មន្ត្រីមេបញ្ជាការផែ និងកណ្ណធារ និងការរៀបចំត្រៀមនូវបន្ទប់សម្រាប់ប្រើប្រាស់ជាមណ្ឌលត្រួតពិនិត្យចរាចរណ៍នាវា ដែលធ្វើប្រតិបត្តិការចូល-ចេញតាមផ្លូវទឹក។
គួរបញ្ជាក់ថា ក្រុមហ៊ុនកំពតផតក៏មានគម្រោងសាងសង់ពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែជាបន្តបន្ទាប់ ក្នុងនោះដំណាក់កាលទី២ និងដំណាក់កាលទី៣ គ្រោងនឹងសាងសង់ឡើងដោយមានជម្រៅទឹកដល់ទៅ ១៣ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាចំណុះ ២ម៉ឺនតោន អាចធ្វើប្រតិបត្តិការចូល-ចេញដោយសុវត្ថិភាព និងមានការសាងសង់នូវឋបនីយភណ្ឌផែសម្រាប់អ្នកដំណើរផងដែរ៕
ដោយ៖ មឿន ឌីណា (Moen Dyna)