ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ វឌ្ឍនភាពសម្រេចបានប្រមាណ ៧៥.៨%។ តាមការគូសបញ្ជាក់ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមបន្តថា គ្រោងចាប់ផ្តើមប្រតិបត្តិការ នៅឆមាសទី១ ឆ្នាំ២០២៥ខាងមុខ។
លោក ម៉ៅ ហាវណ្ណាល់ បានដឹកនាំតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិ ព្រមទាំងតំណាងក្រុមហ៊ុនផ្តល់សេវាកម្ម គាំទ្រការដឹកជញ្ជូនតាមផ្លូវអាកាស មកធ្វើទស្សនកិច្ចស្វែងយល់លើការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។
ដំណើរទស្សនកិច្ចនេះ មានបំណងផ្តល់ការស្វែងយល់អំពីការវិវឌ្ឍន៍ចុងក្រោយ នៃការសាងសង់សំណង់ដ៏មហិមា និងលំដាប់អន្តរជាតិរបស់កូនខ្មែរ។ ជាការគូសបញ្ជាក់ លោក ម៉ៅ ហាវណ្ណាល់ បានបន្តថា នេះជាលើកទី២ ដើម្បីអនុញ្ញាតជូនប្រតិបត្តិករក្រុមហ៊ុនទាំងអស់ ត្រៀមលក្ខណៈរបស់ខ្លួនមកបម្រើការងារ និងផ្តល់សេវាកម្មពាក់ព័ន្ធ នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ បញ្ចប់ការសាងសង់រួចរាល់។
បើតាម លោក ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា គម្រោងនេះ ក្រោមទឹកប្រាក់វិនិយោគ ១៥០០លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុន ១០០%។ លោក បានបន្តទៀតថា ក្នុងនាមជាម្ចាស់ភាគហ៊ុន ក៏មានមោទនភាពនៅពេលដែល គម្រោងសាងសង់ត្រូវបានបញ្ចប់តាមផែនការ និងដាក់ដំណើរការប្រកបដោយប្រាក់ចំណេញ ដោយជួយជំរុញដល់កំណើនដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជា។
ចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២៤ កម្ពុជាបានទទួលអ្នកធ្វើដំណើរ តាមផ្លូវអាកាសជាង២លាននាក់ ពោលគឺមានការកើនឡើង ២៥% ធៀបនឹងអំឡុងពេល ដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង១លាន ៦សែននាក់។ តាមការលើកឡើង រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្ថែមទៀតថា សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាបានស្ដារឡើងវិញបន្តិចម្តងៗ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ និងកំពុងបោះជំហានទៅមុខ។
គូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
ការងារសាងសង់សម្រាប់ដំណាក់កាលទី១នេះ នឹងទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន ៣០លាននាក់ ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន ៥០លាននាក់ ក្នុង១ឆ្នាំ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)