Register Already an agent ? Login

លោក ប៉ែន បូណា៖ កម្ពុជា គឺជាប្រទេសដែលយកពន្ធតិចបំផុត តែអភិវឌ្ឍបានលឿនបំផុត

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុគ្រោះបំផុតចំពោះការយកពន្ធពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ត្រូវបានរាជរដ្ឋាភិបាលគិតគូរជាអាទិភាពនិងព្យាយាមបញ្ចៀសពួកគេមិនឱ្យជាប់ពន្ធឡើយ។

ជាក់ស្តែង រដ្ឋមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធលើសម្ភារកសិកម្ម ផលិតផលកសិកម្ម និងអចលនទ្រព្យដែលមានតម្លៃក្រោម ១០០លានរៀល ឬ ២៥ ០០០ដុល្លារ លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលទ្រព្យក្រោមឬស្មើ ៧ម៉ឺនដុល្លារ។

រាជរដ្ឋាភិបាល មិនយកពន្ធប្រថាប់ត្រាផ្ទេរមរតកជាអំណោយមួយលើក មិនយកពន្ធផ្លូវម៉ូតូឬកង់បី។ ប្រាក់បៀវត្សទាបជាង ១,៥លានរៀល មិនជាប់ពន្ធ។ អ្នកប្រកបរបរតូចតាចដែលមានផលរបរក្រោម ២៥០លានរៀល មិនតម្រូវឱ្យ មានកាតព្វកិច្ចបង់ពន្ធទេ។ ទន្ទឹមគ្នានេះ គោលនយោបាយអនុគ្រោះដល់អាជីវកម្មនានា ដែលជួបការលំបាក ក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់ និងនៅតែអនុវត្តជាប្រចាំ នៅមានការអនុគ្រោះ ព្រមទាំងការលើកលែងជាច្រើនផ្សេងទៀតដែលរដ្ឋបានផ្តល់ជូន។

ក្រៅពីមិនជាប់ពន្ធ ពលរដ្ឋក្រីក្រនិងងាយរងហានិភ័យត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពក្នុងការទទួលបានការឧបត្ថម្ភ គាំពារពីរដ្ឋ។

ជាក់ស្តែង ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានចំណាយថវិកាជាង ១ ២០០លានដុល្លារ ដើម្បីជួយពលរដ្ឋក្រីក្រដែលរងគ្រោះ។ បច្ចុប្បន្ន កម្មវិធីគោលនយោបាយអាទិភាព ៦ចំណុចដែលដាក់ចេញដោយ សម្តេចធិបតី កំពុងបន្តជួយគាំពារដល់ពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ ដូចជា៖ ការផ្តល់ជូនសេវាសុខាភិបាល ការបណ្តុះបណ្តាលកូនអ្នកក្រីក្រដោយឥតបង់ប្រាក់ និងថែមទាំងទទួលបានការឧបត្ថម្ភប្រចាំខែទៀត គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មវិធីជាតិជំនួយសង្គម និងគោលនយោបាយគាំពារវិស័យកសិកម្មជាដើម សុទ្ធសឹងតែជាគោលនយោបាយគាំពារពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ។

ទោះបីជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសដៃគូអភិវឌ្ឍន៍នានាតែងផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលបង្កើនការប្រមូលពន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តគោលនយោបាយអនុគ្រោះពន្ធដល់ប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្រីក្រដដែល។

ទោះបីជាយកពន្ធតិច ប៉ុន្តែ កម្ពុជាត្រូវបានអង្គការសហប្រជាជាតិចាត់ទុកជាប្រទេសដែលកាត់បន្ថយភាពក្រីក្របានលឿនរហ័សបំផុតមួយក្នុងលោក។ ចាកចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ កម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រឈានចូលប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងត្រៀមខ្លួនក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អគារខ្ពស់ៗ ហាងទំនិញ ផ្សារទំនើប យានយន្តកកកុញលើដងផ្លូវ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ សុទ្ធសឹងជាភស្តុតាងជាក់ស្តែងនៃសមិទ្ធផលដែលកើតចេញពីសុខសន្តិភាពនិងការអភិវឌ្ឍ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)