Register Already an agent ? Login

កម្ពុជា នាំចេញអង្ករជាង ៣០០ពាន់តោន គិតជាទឹកប្រាក់ជាង ២០០លានដុល្លារ ៥ខែដើមឆ្នាំ២០២៤

ភ្នំពេញ៖ កម្ពុជា បាននាំចេញអង្ករចំនួន ៣០២ ៥៩២ តោន គិតជាទឹកប្រាក់បានចំនួន ២១៩.៩១លានដុល្លារ រយៈពេល៥ខែនៃឆ្នាំ២០២៤។ តាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ជាគោលដៅនៃការនាំចេញអង្ករកម្ពុជា បានច្រើនជាងគេ ប្រមាណបាន ៧៣ពាន់តោន គិតជាទឹកប្រាក់ ៤៦.២០លានដុល្លារ។

ជាមួយគ្នានោះ នាំទៅ៧ប្រទេសនៃសមាជិកអាស៊ានបានជាង ៦៥ពាន់តោន គិតជាទឹកប្រាក់ ៤៦.៣៤លានដុល្លា និង២៧ប្រទេសផ្សេងទៀត នៅអាហ្វ្រិក មជ្ឍឹមបូព៌ា។ល។ បានជាង ២៧ពាន់តោន ដែលគិតជាទឹកប្រាក់សរុប ២២.៩៦លានដុល្លារ។

ចំពោះប្រភេទអង្ករដែលនាំចេញ រួមមាន៖ អង្ករក្រអូបគ្រប់ប្រភេទ បាន៧១.១៣%, អង្ករចំហុយ បាន២.៤៣%, អង្ករគ្រាប់វែង បាន២៤.៧៥%, អង្ករសេរីរាង្គ បាន ១.៤៣% និងអង្ករផ្សេងទៀត បាន០.២៦%។

ចំណែក ការនាំចេញស្រូវទៅកាន់ប្រទេសជិតខាង សម្រេចបានជាង ២.៤លានតោន ដែលគិតជាទឹកប្រាក់ ៧១០.២៣លានដុល្លារ។

គួររម្លឹកផងដែរថា ពេញមួយឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៦៥៦ ៣២៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១ បានទឹកប្រាក់បានចំនួនជាង ៤៦៦លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)