កំពត៖ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ កំពត-ច្រកលក បានសម្រេចលទ្ធផលការងារសរុបចំនួន ៨១,២៦%ហើយ គ្រោងបញ្ចប់ការសាងសង់យ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២៤។ បើតាម លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេស។
លោក ប៉ាល់ ចន្ទតារា ដែលជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោងនេះ ក៏បានចុះពិនិត្យដំណើរការផលិត នៃរោងចក្រផលិតបេតុងកៅស៊ូ AC ផងដែរ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ហើយក៏មានការចូលរួមពីក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។
បេសកកម្មនាឱកាសនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។ ជាការបញ្ជាក់ លោក ប៉ាល់ ចន្ទតារា។
នាឱកាសនោះ លោក បានណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ព្រមទាំងដាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព។
គួររម្លឹកផងដែរថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
គម្រោងផ្លូវជាតិលេខ៣៣ មានប្រវែងប្រមាណ ៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)