Register Already an agent ? Login

ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅកាណាដា ស្វែងយល់ពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ លោក Kelvin Mo ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា បានដឹកនាំគណៈប្រតិភូធុរកិច្ច មកស្វែងយល់ពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគក្នុងវិស័យកសិកម្មនិងការកែច្នៃ វិស័យទេសចរណ៍ សុខាភិបាល អចនទ្រព្យ សេវាកម្ម និងឧស្សាហកម្ម។

លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Montreal តំណាងដោយ លោក Kelvin Mo នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

មានមតិក្នុងជំនួបពិភាក្សាដ៏មនោរម្យនេះ លោក នុត អ៊ុនវ័ណរ៉ា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានធ្វើដំណើរក្នុងចម្ងាយផ្លូវដ៏ឆ្ងាយដើម្បីមកសិក្សាស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ លោក បានជម្រាបជូនសមភាគីអំពីវឌ្ឍនភាពចុងក្រោយនៃការអភិវឌ្ឍរបស់កម្ពុជាដែលស្តែងចេញតាមរយៈស្ថិរភាពនយោបាយ, ម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, និងកំណើនឥតឈប់ឈរនៃរំហូរវិនិយោគ។

បន្ថែមពីនេះ លោក ក៏បានគូសរំលេចអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ដែលកាន់តែមានភាពបើកចំហ, ទាក់ទាញ និងងាយស្រួលសម្រាប់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ ជាពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាលដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារតាមរយៈការធានានូវក្របខ័ណ្ឌច្បាប់ដែលមានប្រសិទ្ធភាព ការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និងផ្ដល់ការលើកទឹកចិត្តដល់ការវិនិយោគ និងការវិនិយោគយ៉ាងសន្ធឹកសន្ធាប់ទៅលើធនធានមនុស្ស និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

ជាការឆ្លើយតប លោក ប្រធានការិយាល័យ បានថ្លែងអំណរគុណ ចំពោះក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចំណាយពេលវេលា ក្នុងការទទួលជួបពិភាក្សាជាមួយគណៈប្រតិភូ និងបានសម្តែងនូវសុទិដ្ឋិនិយមថាព័ត៌មានដែលការិយាល័យតំណាងទទួលបានយ៉ាងគ្រប់ជ្រុងជ្រោយនាឱកាសដំណើរទស្សនកិច្ចមកកាន់កម្ពុជាក្នុងពេលនេះ។

លោក បានគូសបញ្ជាក់ថា តាការពិភាក្សានេះ បានផ្តល់នូវមូលដ្ឋានគ្រប់ជ្រុងជ្រោយសម្រាប់គណៈប្រតិភូដែលរួមដំណើរនាពេលនេះ ហើយក៏នឹងសម្រាប់ពាំនាំយកទៅផ្សព្វផ្សាយជូនសហគមន៍ធុរកិច្ចនៅកាណាដាដែលមានបំណងពង្រីកសកម្មភាពវិនិយោគនិងធុរកិច្ចរបស់ខ្លួននៅកម្ពុជាផងដែរ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Kelvin Mo និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នាឱកាសនេះ លោក បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងមានចីរភាពក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី។

លោក បានគូសបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីស្វែងយល់បន្ថែមទៀតអំពីសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគរបស់កម្ពុជា គោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគ និង គោរពស្នើសុំអនុសាសន៍ណែនាំរបស់ សម្ដេចធិបតី ក្នុងការជំរុញនិងផ្សារភ្ជាប់ទំនាក់ទំនងនៃការវិនិយោគរវាងកម្ពុជា និងកាណាដាឱ្យកាន់តែល្អប្រសើរថែមទៀត។

បើតាមជំនួបនេះ សម្ដេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ នឹងសហការជិតស្និទ្នជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រីកសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគ​ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបានស្នើដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ជួយបំពេញនូវកិច្ចការជាអាទិភាពចំនួន២ រួមមាន៖

១-ផ្សព្វផ្សាយពីសក្ដានុពលនៅកម្ពុជា លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា​​ និង ២-គាំទ្រគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្មកម្ពុជា-កាណាដា ក៏ដូចជាការបំពេញតួនាទីជាអ្នកសម្របសម្រួលក្នុងកិច្ចចរចាពាណិជ្ជកម្ម និងការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសកាណាដា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)