Register Already an agent ? Login

គម្រោងសាងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ក្នុងខេត្តស្វាយរៀង ជំហានទី១ សម្រេចបាន ១០០%

ស្វាយរៀង៖ វឌ្ឍនភាពគម្រោងសាងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ក្នុងខេត្តស្វាយរៀង ជំហានទី១លទ្ធផលការងារសម្រេចបាន ១០០% ខណៈ មន្ត្រីជាន់ខ្ពស់ ​ក្រសួងធនធានទឹក និងឧតុនិយម ណែនាំឱ្យ​មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង​ រៀប​ចំសំណើ​ដើម្បីស្នើសុំគម្រោង​ជំហានទី២ ជាបន្ត។

លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការនៃ​ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ប្រចាំខេត្តស្វាយរៀង បានចុះពិនិត្យការងារកំណត់ផ្ទៃអាងទឹក និងវឌ្ឍនភាពគម្រោងសាងសង់ប្រឡាយដោះទឹក ទំនប់សណ្ដ និងសំណង់សិល្បការ្យនៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ​ ក្នុងខេត្តស្វាយរៀង

ការពិនិត្យនេះ មានការចូលរួម​ពីលោកអភិបាលរង​នៃគណៈអភិបាលខេត្តស្វាយរៀង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងមន្ត្រីបច្ចេកទេស​ជាច្រើននាក់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

​លោក រដ្ឋលេខាធិការ​ និង​ក្រុមការងារ​បានចុះពិនិត្យ​ការងារកំណត់ផ្ទៃអាងទឹក និង​បាន​ជំរុញ​ក្រុមការងារឱ្យ​ពន្លឿនការងារកំណត់ផ្ទៃអាងទឹកចំនួន​បួន​ មាន៖ អាងទឹកដូនទយ អាងទឹកធ្លកកំបុត អាងទឹកស្វាយយា និងអាងទឹកបាធូ ស្ថិតនៅក្នុងស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ និងក្រុងបាវិត ខេត្តស្វាយរៀង​ ដើម្បីធ្វើការចុះបញ្ជីដីរដ្ឋ។

ជាមួយគ្នានេះ​ដែរ​ លោក តន់ វ៉ាន់ថារ៉ា បានបន្តចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រឡាយដោះទឹក ទំនប់សណ្ដ និងសំណង់សិល្បការ្យ​នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ស្ថិតក្នុងឃុំស្វាយធំ និងឃុំឈើទាល ស្រុកស្វាយជ្រំ ជំហានទី១​។

នៅជំហានទី១នេះ​ ការងារសំខាន់ៗ រួមមាន​៖ ១-​ស្ដារប្រឡាយដោះទឹកប្រវែង ៥៥០ម៉ែត្រ,​ ២-​សាងសង់ទំនប់សណ្ដប្រវែង ៥៥០ម៉ែត្រ​ និង​​ ៣-​សាងសង់សំណង់បិទបើកទឹកចំនួន ២កន្លែង។ គិតមកដល់ពេលនេះ ​លទ្ធផលការងារ​សម្រេចបាន ១០០%។

លោក តន់ វ៉ាន់ថារ៉ា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលសម្រេចបាន១០០% នៅជំហានទី១ នាពេលនេះ និងបានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង រៀបចំសំណើ ដើម្បីស្នើសុំគម្រោងជំហានទី២ ជាបន្ត ដែលរួមមាន៖ ១-ស្ដារប្រឡាយដោះទឹកប្រវែង ៥ ២៩១ម៉ែត្រ និង ២-សាងសង់សំណង់សិល្បការ្យចំនួន ៨កន្លែង ដើម្បីបញ្ចប់គម្រោងឱ្យបានមុនភ្លៀងធ្លាក់ និងអាចស្តុកទឹកបានក្នុងអាងសម្រាប់បម្រើការងារស្រោចស្រពផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun  Dyna)