Register Already an agent ? Login

វឌ្ឍនភាពគម្រោងរំដោះទឹកនិងពង្វាងទឹកចេញពីភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ ៦៥% ខណៈ ខេត្តកណ្តាល ៩៥%

ភ្នំពេញ៖ វឌ្ឍនភាពការងារសាងសង់ទ្វារទឹកស្ទឹងតូច នៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ សម្រេចបានប្រមាណ ៦៥% ខណៈ ខេត្តកណ្តាល សម្រេបានប្រមាណ ៩៥%។ បើតាម លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ការចុះពិនិត្យវឌ្ឍនភាពនៃគម្រោងនេះ។

លោក ថោ ជេដ្ឋា បានដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងការងារស្តារប្រឡាយព្រែកហូរក្នុងខេត្តកណ្តាល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

ការចុះពិនិត្យការងារនេះ មានការចូលរួមពី លោក យូ ស៊ុនឡុង និងក្រុមការងាររបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ។

តាមការចុះពិនិត្យការងារសាងសង់ទ្វារទឹកស្ទឹងតូច នៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលគម្រោងនេះមានការស្តារប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ និងមានការសាងសង់ស្ថានីយបូមទឹក ដើម្បីជាយុទ្ធសាស្រ្តក្នុងការដោះទឹកឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៥%។

ជាមួយគ្នានេះដែរ ក៏បានចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយព្រែកហូរ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងខេត្តកណ្តាល ដែលធ្វើការស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)