ភ្នំពេញ៖ ធនាគារពិភពលោកអនុម័តថវិកាបន្ថែមចំនួន ៧៩,៥លានដុល្លារ សម្រាប់លើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានការអប់រំ នៅគ្រឹះស្ថានអប់រំ ១៥៩០កន្លែង ទូទាំងប្រទេសកម្ពុជា។ បើតាមការជូនដំណឹង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
មូលនិធិថ្មីនេះ នឹងត្រូវបានយកទៅប្រើប្រាស់ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាលពីខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារ។
កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ មានឥណទានចំនួន ៦០លានដុល្លារ ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារ ផ្សេងទៀតពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែអ្វីដែលនៅតែជាបញ្ហាប្រឈមដ៏ធំនោះ គឺលទ្ធផលនៃការសិក្សារបស់សិស្សនៅមានកម្រិតទាប ហើយលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពក៏នៅខ្វះសមធម៌ដែរ”។
ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះគឺដើម្បីពង្រឹងថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់សម្រាប់ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ជាការគូសបញ្ជាក់ លោកស្រី ម៉ារីយ៉ាម។
លោកស្រី ម៉ារីយ៉ាម បានបន្ថែមថា កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះនឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀតនៅទូទាំងប្រទេស ក្នុងនោះមាន អនុវិទ្យាល័យចំនួន ៥០០, សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០ សកម្មភាពសំខាន់ៗរួមមាន៖
-ពង្រីកការគ្រប់គ្រងតាមសាលារៀននៅក្នុងសាលាផ្សេងទៀត
-ផ្តល់ឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈបន្ថែមទៀតសម្រាប់គ្រូបង្រៀន ថ្នាក់ដឹកនាំ និងបុគ្គលិកសាលា
-សាងសង់ និងជួសជុលថ្នាក់រៀន បន្ទប់ពិសោធន៍ និងអគារសិក្សាបន្ថែមទៀត ក្រោមការរចនាដែលធន់នឹងអាកាសធាតុ
-សាកល្បងដាក់ឱ្យប្រើបច្ចេកវិទ្យាអប់រំ ដើម្បីបង្កើនម៉ោងសិក្សាប្រកបដោយគុណភាព
-ធ្វើទំនើបកម្មសៀវភៅសិក្សា និងបង្កើតមគ្គុទ្ទេសក៍គ្រូបង្រៀនស្របតាមកម្មវិធីសិក្សាជាតិ
-ពង្រឹងការធ្វើផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃ នៅតាមនីមួយៗ។
បើតាមធនាគារពិភពលោក គម្រោងនេះសង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កភាពងាយស្រួលដល់កុមារមកពីក្រុមជួបការលំបាក គ្រួសារក្រីក្រ ឬសហគមន៍ជនជាតិដើមភាគតិច រួមទាំងអ្នកដែលនៅតំបន់ដាច់ស្រយាល ឬរស់នៅក្នុងពិការភាព ដើម្បីបានទៅសាលារៀន និងទទួលបានឱកាសសិក្សាប្រកបដោយគុណភាព៕
ដោយ៖ មឿន ឌីណា (Moeun Dyna)