Register Already an agent ? Login

កម្ពុជា-ហ្វាំងឡង់ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម និងបរិស្ថាន

ភ្នំពេញ៖ កម្ពុជា និងហ្វាំងឡង់ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល ពាណិជ្ជកម្ម​ និងបរិស្ថាន។ បើតាមនជំនួប ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា និវេសនដ្ឋាននៅទីក្រុងបាងកក នាព្រឹកថ្ងៃទី៤​ ខែមិថុនា ឆ្នាំ២០២៤។

លោក Jyri Järviaho បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យ លោក ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិការទូតរបស់លោក ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣។

លោក បានជម្រាបជូន សម្ដេចធិបតី ក្នុងអាណត្តិការទូតរយៈពេល ៤ឆ្នាំនៅកម្ពុជា បានចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាលើវិស័យជាច្រើន ដូចជា៖ ការបោសសំអាតមីន ការគ្រប់គ្រងនិងចុះបញ្ជីដីធ្លី ការជួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងការគាំទ្រដល់ការអភិវឌ្ឍសង្គមផងដែរ។

ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការបន្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល​​ ពាណិជ្ជកម្ម​​ និងវិស័យបរិស្ថាន។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោក Jyri Järviaho ព្រមទាំងបានអរគុណ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ លោក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការក្នុងអាណត្តិការទូតរបស់ឯកឧត្តម លើវិស័យជាច្រើន ជាពិសេសលើវិស័យអប់រំ។

ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាទិភាពលើការកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព និងសុខភាព ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាអាទិភាពក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)