Register Already an agent ? Login

គម្រោងជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងភូមិសាស្រ្តខេត្តសៀមរាប វឌ្ឍនភាព៥៨% គ្រោងបញ្ចប់ខែ៧ ឆ្នាំ២០២៤

សៀមរាប៖ វឌ្ឍនភាពគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដែលបានចាប់ផ្តើមនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្រេចបានប្រមាណ ៥៨% ហើយគ្រោងបញ្ចប់នៅក្នុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខ។ បើតាមលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមការ ចុះពិនិត្យវឌ្ឍនភាពគម្រោងនេះ។

 បើតាមចុះពិនិត្យវឌ្ឍនភាពគម្រោងនេះ អមដំណើរដោយ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ស្ថិតនៅឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។

របាយការណ៍របស់នាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ បានអនុវត្តគម្រោងជួសជុលទំបន់អាងទឹកសួង៧៨ ឡើងវិញក្នុងនោះមាន៖ ១-ជួសជុលទំនប់ប្រវែង ៤២០០ម៉ែត្រ និង ២-សំណង់សិល្បការ្យចំនួន ៨កន្លែង។

ទំនប់អាងទឹកសួង៧៨ បានជួបស្ថានភាពទឹកជំនន់រដូវវស្សាហូរច្រោះដាច់តួទំនប់ស្ទើរតែទាំងស្រុង មិនអាចបម្រើការស្រោចស្រពផ្ទៃដីកសិកម្មដែលមានស្រាប់ បង្កឱ្យមានការខ្វះទឹកសម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។

លោក រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនិងក្រុមការងារនៃនាយកដ្ឋានវិស្វកម្មដែលបានយកចិត្តទុកដាក់ជួសជុលទំនប់អាងទឹកសួង៧៨ ដើម្បីអាចដំណើរការស្រោចស្រពឡើងវិញបានតាមតម្រូវការលើផ្ទៃដីបង្កបង្កើនផលដែលមានស្រាប់។

ជាមួយគ្នានេះ លោក ក៏បានណែនាំដល់ក្រុមការងារសាងសង់សូមបន្តយកចិត្តទុកដាក់លើគុណភាព និងបទដ្ឋានបច្ចេកទេស ព្រមទាំងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាកសិករដែលរស់នៅក្នុងតំបន់សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធក្នុងការគ្រប់គ្រង និងការថែទាំទំនប់អាងទឹក ក៏ដូចជាប្រព័ន្ធធារាសាស្រ្តដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ការងារដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ និងការប្រើប្រាស់ប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ទំនប់អាងទឹកសួង៧៨ កសាងឡើងក្នុងសម័យប៉ុលពត មានតួនាទីទទួលយកទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងជីក្រែង មកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ១១៩០គ្រួសារ ក្នុងភូមិចំនួន៦ នៃស្រុកជីក្រែង ខេត្តសៀមរាប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)