ភ្នំពេញ៖ ក្រុមហ៊ុន Jilin Langshan Light Vehicle Co., Ltd. របស់ចិន បានបញ្ជាក់យ៉ាងច្បាស់ថា នឹងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដោយផលិតរថយន្តដឹកទំនិញធុនស្រាលពី ១ទៅ ៥តោន។
លោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ZHANG BAOAN គណៈប្រតិភូក្រុមហ៊ុន Jilin Langshan Light Vehicle Co., Ltd. ប្រទេសចិន ដែលមកបំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសកម្ពុជា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
អគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូក្រុមហ៊ុន Jilin Langshan Light Vehicle Co., Ltd. ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបំពេញទស្សនកិច្ចដោយផ្ទាល់មកកាន់កម្ពុជា និងបានសម្តែងនូវការចាប់អារម្មណ៍ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
នាឱកាសនោះ លោក យុន ហេង គូសបញ្ជាក់ជូនគណៈប្រតិភូក្រុមហ៊ុន អំពីរបបនៃការលើកទឹកចិត្តប្រកបដោយភាពអំណោយផល និងអនុគ្រោះបំផុតរបស់រដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ចំពោះសកម្មភាពវិនិយោគ និងវិស័យដែលមានសក្តានុពលសំខាន់ៗ ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ការឆ្លើយតប គណៈប្រតិភូក្រុមហ៊ុន Jilin Langshan Light Vehicle Co., Ltd. បានជំរាបជូន អគ្គលេខាធិការរងអំពីគោលបំណងដ៏សំខាន់នៃដំណើរទស្សនកិច្ចលើកដំបូងនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតក្រុមហ៊ុនផលិតរថយន្តដឹកទំនិញធុនស្រាលពី១ទៅ ៥តោន។
លោក ZHANG បានគូសបញ្ជាក់ថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទាញវិនិយោគក្នុងវិស័យយានយន្តដែលមានសក្តានុពលសំខាន់ៗ។ លោក ថា មានភាពកក់ក្ដៅជាទីបំផុត ដោយបញ្ជាក់យ៉ាងច្បាស់ថា នឹងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាការធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន នាពេលអនាគត។
អគ្គលេខាធិការរង បានថ្លែងនូវអំណរអរគុណ គណៈប្រតិភូក្រុមហ៊ុន Jilin Langshan Light Vehicle Co., Ltd. ចំពោះការជ្រើសរើសកម្ពុជាជាទិសដៅក្នុងការបំពេញទស្សនកិច្ចស្វែងរកឱកាសវិនិយោគ និងបានបង្ហាញនូវស្មារតីស្វាគមន៍ជានិច្ចសម្រាប់រាល់កិច្ចសហប្រតិបត្តិការនានា នាពេលខាងមុខ ព្រមទាំងបានជូនពរគណៈប្រតិភូឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា នាពេលនេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)