Register Already an agent ? Login

ការជួសជុលទំនប់អាងទឹកស្រែល្អ និងស្តារអូរប្រឡាយក្តាន់ ផ្ដល់ទឹកប្រាំង-វស្សា នៅខេត្តចំនួន២ វឌ្ឍនភាព ៦០%

បន្ទាយមានជ័យ៖ វឌ្ឍនភាពការងារជួសជុលទំនប់អាងទឹកស្រែល្អ និងស្តារអូរប្រឡាយក្តាន់ ដែលផ្ដល់ទឹកប្រើប្រាស់សម្រាប់បម្រើការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រាំង-វស្សា ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យសម្រេចបានប្រមាណ ៦០%។ បើតាមការចុះពិនិត្យ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាព ត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម។

លោក ប៊ុន ហ៊ាន បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម និងមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះពិនិត្យគម្រោងការងារជួសជុលអាងទឹកស្រែល្អ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងគម្រោងស្តារអូរប្រឡាយក្តាន់ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

តាមការចុះពិនិត្យ រដ្ឋលេខាធិការ បានឱ្យដឹងថា ការងារជួសជុលទំនប់អាងទឹកស្រែល្អ រួមមាន៖ ១-ជួសជុលទំនប់ប្រវែង ៣២០០មែត្រ, ២-សាងសង់សំណង់បង្ហៀរចំនួន១កន្លែង, ៣-សាងសង់សំណង់លូយកទឹកចំនួន៣កន្លែង និង៤-សាងសង់សំណង់ទ្វារទឹកចំនួន ១កន្លែង គិតរហូតមកដល់ពេលនេះលទ្ធផលសម្រេចបានប្រមាណ ៦០%។

ទំនប់អាងទឹកស្រែល្អមានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ៨ភូមិ នៃឃុំបាក់អន្លួង ស្រុកត្រពាំងប្រាសាទ និងឃុំអន្លង់វែង នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជាការគូសបញ្ជាក់ លោក ប៊ុន ហ៊ាន។

លោក ប៊ុន ហ៊ាន បានបន្តថា ទំនប់អាងទឹកស្រែល្អ ទទួលប្រភពទឹកពីអូរមេម៉ាយ(ជាផ្នែកដើមទីនៃប្រភពទឹកស្ទឹងសែន) និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ សម្រាប់បម្រើការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ១៩៩៧ហិកតា ស្រូវរដូវប្រាំងចំនួន ៥៩០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ៦៩ហិកតា ព្រមទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។

បន្ទាប់ពីចុះពិនិត្យ ទំនប់អាងទឹកស្រែល្អ លោក រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ ពិនិត្យវឌ្ឍនភាពគម្រោងស្តារអូរប្រឡាយក្តាន់ ដែលរួមមាន៖ ១-ស្តារអូរប្រឡាយក្តាន់ប្រវែង ៦ ៥០០មែត្រ, ២-សាងសង់សំណង់ទ្វារទឹកចំនួន ៣កន្លែង ៣-សាងសង់លូដោះទឹកចំនួន៩កន្លែង និង៤-សាងសង់លូចម្លង ចំនួន ១កន្លែង។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦០%។

បើតាម លោក ប៊ុន ហ៊ាន បានលើកឡើងថា ប្រឡាយនេះ មានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ៨ភូមិ នៃឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ប្រឡាយនេះ ជាអូរធម្មជាតិទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងមង្គលបុរីនៅរដូវវស្សាមកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៧៥០ហិកតា ស្រូវប្រាំងចំនួន ២៥០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ១០ហិកតា។

នាឱកាសនោះ លោក បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់លើការងារស្តារប្រឡាយ ជួសជុលទំនប់ និងការងារសាងសង់សំណង់សិល្បការ្យថ្មីឱ្យមានគុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ជាមួយគ្នានេះ បានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយការប្រើប្រាស់ប្រឡាយ និងចូលរួមថែរក្សាប្រឡាយនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព ព្រមទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានយូរអង្វែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)