កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋាន នៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោងនេះ វិនិយោគទុនភាគច្រើនជារបស់ខ្មែរ និងទុនមួយផ្នែកទៀតជារបស់ក្រុមហ៊ុនវិនិយោគចិន ដែលមានបច្ចេកទេសក្នុងការសាងសង់។
ការប្រកាសនេះ សម្តេចធិបតី បានថ្លែងនៅងពិធីសម្ពោធឆ្លង «ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» នាថ្ងៃទី៣០ ឧសភា នៅខេត្តកំពង់ស្ពឺ។
ការពន្លឿនការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីបញ្ចប់ការលើកឡើងពីបញ្ហានានា ដែលសម្តេចហៅការលើកឡើងទាំងនោះថា «ជាការសម្រើសម្រៃ»។ ជាការបញ្ជាក់ សម្ដេចធិបតី បានបន្តថា កិច្ចការងារនេះ យើងមិនដំអក់ទេ ពេលដែលចាប់ផ្តើមសាងសង់ព្រែកជីកនេះ នឹងមានខ្មែរយើងចូលរួមភាគច្រើន។
ពិតណាស់យើងចរចាជាមួយក្រុមហ៊ុនវិនិយោគចិន ដើម្បីគាត់មានបច្ចេកទេសហើយដាក់ទុនមួយចំនួន ហើយការបើកមិនចាំយូរនាំឱ្យយប់យន់សុបិនច្រើន ស្រមៃច្រើនពេក ចង់ឱ្យឈប់ស្រមៃទាល់តែធ្វើតែម្តង។ ជាការថ្លែងបន្តទៀត ប្រមុខរាជរដ្ឋាភិបាល ថា ការបើកការដ្ឋានមិនចាំយូរ នាំឱ្យយប់យន់សុបិនច្រើន ស្រមៃច្រើនពេកចង់ឱ្យឈប់ស្រមៃ ទាល់តែធ្វើតែម្ដង អ៊ីចឹង យើងនឹងបើកការដ្ឋាននៅក្នុងខែសីហា ឆ្នាំ២០២៤នេះ។
គម្រោងមួយនេះមានលក្ខណៈពិសេសជាងគម្រោងផ្សេងទៀត ដោយមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងមានស្មារតីគាំទ្រពីប្រជាជនខ្មែរទូទាំងពិភព។ ជាការគូសបញ្ជាក់ សម្ដេចនាយករដ្ឋមន្រ្តី បានបន្ថែមថា ចង់នរណាថាអីថាទៅ កម្ពុជាសាងសង់ព្រែកជីកនេះ ដើម្បីផលប្រយោជន៍ប្រជាជនកម្ពុជា ហើយជាគម្រោងដែលប្រជាពលរដ្ឋគាំទ្រ។ នៅពេលស្មារតីខ្មែររួមគ្នា ដាក់ចិត្តនឹងធ្វើ ខ្មែរធ្វើបានសម្រាប់គម្រោងព្រែកជីកហ្វូណននេះ ទោះបីមិនមានការចូលរួមពីវិនិយោគិនខាងក្រៅក្តី។
សម្តេចនាយករដ្ឋមន្ត្រី ចាត់ទុកថា គម្រោងព្រែកជីកហ្វូណន ជាគម្រោងដ៏ពិសេស ជាគម្រោងផ្សេងៗ ព្រោះមានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាជនខ្មែរទូទាំងពិភពលោក ជាគម្រោងដែលមានលក្ខណៈជាតិនិយម។ នាពេលខាងមុខដ៏ខ្លីនេះ ប្រជាជនខ្មែរនឹងចូលរួមកសាងភាគច្រើនក្នុងគម្រោងនេះ ដើម្បីផលប្រយោជន៍ប្រជាជនខ្មែរ ដោយពួកគេយល់ និងគាំទ្រចំពោះគម្រោងនេះ ដែលនេះគឺជាកម្លាំងចិត្តយ៉ាងធំ។
គូសបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារ។
ព្រែកជីកនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។
ជាមួយគ្នានេះ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)