កំពង់ស្ពឺ៖ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងថែទាំខួបប្រឡាយរលាំងជ្រៃខាងជើង និងគម្រោងដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ៨០%។ តាមការចុះពិនិត្យ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។
បើតាមការចុះពិនិត្យវឌ្ឍនភាពនៃគម្រោងនេះ ស្ថិតក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានប្រភពទឹកមកពីស្ទឹងព្រែកត្នោត និងអាងទឹកចាន់ថ្នាល មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ២៤៦៣ហិកតា ស្រូវប្រាំងចំនួន ២៧៥ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា។
ឆ្លៀតក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាកសិករដែលរស់នៅក្នុងតំបន់សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ក្នុងការគ្រប់គ្រង និងការថែទាំប្រព័ន្ធធារាសាស្រ្តដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ការងារដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ។
ជាមួយគ្នានេះដែរ លោក រដ្ឋមន្ត្រី ក៏បានចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ដែលទទួលប្រភពទឹកពីស្ទឹងព្រែកត្នោត ស្ទឹងតូច និងហូរកាត់ទ្វារទឹករលាំងជ្រៃ ក្រោមជំនួយកម្ចីសម្បទានពីរាជរដ្ឋាភិបាលជប៉ុន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
គម្រោងនេះ បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ២០% ហើយគ្រោងបញ្ចប់នៅកំលុងខែមិថុនា ឆ្នាំ២០២៦ខាងមុខ។
គួរបញ្ជក់ផងដែរថា ប្រឡាយរលាំងជ្រៃខាងជើងដែលមានប្រវែងប្រមាណ ១៤គីឡូម៉ែត្រ ស្ថិតក្នុងគម្រោងជួសជុល និងថែទាំខួបអនុវត្តដោយនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងឆ្នាំ២០២៤នេះ។
ការងារកំពុងអនុវត្តរួមមាន៖ ទី១-ជួសជុលប្រឡាយមេចំនួន ១ខ្សែ ប្រវែង ១៤ ៥០០ម៉ែត្រ លើ ២៤ ០០០ម៉ែត្រ ទី២-ជួសជុលសំណង់សិល្បការ្យចំនួន ២៧កន្លែង ក្នុងនោះជួសជុលសំណង់បង្ហៀរចំនួន ២កន្លែង ប្រវែង ២៥ម៉ែត្រនិងជួសជុលសំណង់សិល្បការ្យចំនួន២៥កន្លែង និងទី៣-សាងសង់សំណង់សិល្បការ្យថ្មីចំនួន ៣កន្លែង។
សូមបញ្ជាក់ថា គម្រោងនេះចែកជាពីរអនុគម្រោងគឺ ទី១-អនុគម្រោងរលាំងជ្រៃដែលស្ថិតនៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជួសជុលប្រឡាយមេខាងជើងចំនួន ១ខ្សែ ប្រវែង ១១,៧០គីឡូម៉ែត្រ ជួសជុលប្រឡាយមេខាងត្បូងចំនួន ១ខ្សែ ប្រវែង ១២,៦០ គីឡូម៉ែត្រ និងសាងសង់សំណង់ពាក់ព័ន្ធសរុបចំនួន ២០៧កន្លែង។
ទី២-អនុគម្រោងកណ្តាលស្ទឹងបាទី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ សាងសង់ទំនប់សណ្តស្ទឹងតូចចំនួន ១ខ្សែ ប្រវែង ៩,៤០គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុងនាំទឹកទៅទន្លេបាទីចំនួន ១ខ្សែ ប្រវែង ៤គីឡូម៉ែត្រ និងសាងសង់សំណង់ពាក់ព័ន្ធសរុប ៣៣កន្លែង។
គម្រោងនេះ នឹងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែ សរុបចំនួន ២៣ ៨៣១ហិកតា អ្នកទទួលផលចំនួន ៧ ៩២៥ គ្រួសារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)