Register Already an agent ? Login

គម្រោងប្រព័ន្ធស្រោចស្រពនិងពង្វាងទឹកចេញពីភ្នំពេញ និងខេត្តកណ្តាល នឹងបញ្ចប់ខែ៦ឬខែ៧ ខណៈវឌ្ឍនភាព៩៥%

ភ្នំពេញ៖ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥% គ្រោងបញ្ចប់នៅកំលុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ។ បើតាម លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ការចុះពិនិត្យវឌ្ឍនភាពគម្រោងនេះ។

 លោក ថោ ជេដ្ឋា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយព្រែកហូរនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតដែលធ្វើការស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣ ក្នុងនោះមាន៖

ទី១-ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ, ទី២-ស្តារព្រែកហូរប្រវែង ៣,៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ, ទី៣-ស្តារប្រឡាយព្រែកហូរប្រវែង ៣,៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង និងទី៤-រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤,៥គីឡូម៉ែត្រ។

ជាមួយគ្នានេះដែរ លោក រដ្ឋមន្ត្រី ក៏បានចុះពិនិត្យវឌ្ឍនភាពការងារស្តារព្រែកពាមសត្ថានៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលគិតចាប់ពីបឹងតាមោករហូតដល់ច្រកចេញព្រែកពាមសត្ថាប្រវែងប្រមាណ ១៩គីឡូម៉ែត្រ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងស្រុកពញាឮ ខេត្តកណ្តាល។

គម្រោងនេះ បានចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៥% ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខ។

សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្តជាបីជំហាន ក្នុងនោះជំហានទី១ និងទី២ គម្រោងការងារដែលត្រូវអនុវត្តមាន ទី១-ការងារកែលម្អស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ទី២-ស្ទឹងក្រោមទន្លេបាទីប្រវែង ៧គីឡូម៉ែត្រ ទី៣-ប្រឡាយជើងឯកបីខ្សែប្រវែង ២៧,៥គីឡូម៉ែត្រ ទី៤-ប្រឡាយ៥៩ និង៩០ ប្រវែង ១៨,៨គីឡូម៉ែត្រ ទី៥-ប្រឡាយ៩៦ និងព្រែកគង់ប្រវែង ៣៤គីឡូម៉ែត្រ ទី៦-ព្រែកពាមសត្ថាប្រវែង ១៨,៧គីឡូម៉ែត្រ ទី៧-ប្រឡាយរលាំងជ្រៃ-ស្លាគូប្រវែង ៥៨,៤៥គីឡូម៉ែត្រ និងទី៨-ប្រឡាយអូរខ្សាច់ភ្ជាប់ពីរលាំងជ្រៃខាងជើងមកដល់បឹងតាមោក ប្រវែង ២៧,៧គីឡូម៉ែត្រ។

លោក រដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ឱ្យបន្តយកចិត្តទុកដាក់លើគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស និងសម្រេចតាមផែនការដែលបានគ្រោងទុក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)