Register Already an agent ? Login

កម្ពុជា-ចិន ពិភាក្សាលើគម្រោងព្រែកជីកហ្វូណន ដើម្បីពន្លឿនបើកការដ្ឋានខាងមុខនេះ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Jiang Fuhua នាយិកាមជ្ឈមណ្ឌលស្រាវជ្រាវរបស់គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មប្រឹក្សាវិស្វកម្មអន្តរជាតិចិន (CIECC) ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ។

បើតាមជំនួបនេះ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២ ក្នុងគោលបំណងដើម្បីពិភាក្សាលើការងារបច្ចេកទេស និងផ្ដល់ព័ត៌មានលម្អិតនានាអំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនទៅគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃប្រទេសចិន ដើម្បីពិនិត្យត្រៀមរៀបចំអនុវត្តនីតិវិធីបន្ទាប់ ជំរុញការបើកការដ្ឋាននៃគម្រោងនេះ ឱ្យបានឆាប់រហ័ស។

នៅក្នុងជំនួបពិភាក្សា លោក ស៊ុន ចាន់ថុល បានពន្យល់ជូនលោកស្រី Jiang Fuhua និងអង្គប្រជុំ អំពីគម្រោងព្រែកជីកហ្វូណនតេជោ រួមមានភូមិសាស្រ្តនៃតម្រាយខ្សែផ្លូវទឹកធម្មជាតិរបស់គម្រោង ដែលជាតម្រាវផ្លូវទឹកបុរាណបានបន្សល់ទុកស្រាប់ និងធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណន លទ្ធផលនៃការសិក្សាលើគ្រប់បច្ចេកទេសពាក់ព័ន្ធរួមមាន ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម វិស្វកម្មបូមស្តារព្រែកជីក និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេសលើគ្រប់វិស័យដែលពាក់ព័ន្ធ។

តាមរយៈសន្ទះផ្លូវទឹកចំនួន ៣កន្លែង ដែលគ្រោងនឹងសាងសសង់ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប អាចធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានឡើយ។ ជាការបន្ត លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្ត នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។

លោក បានបន្ថែមថា កម្ពុជាបានធ្វើការសិក្សាយ៉ាងលម្អិតគ្រប់ជ្រុងជ្រោយលើគម្រោងមួយនេះ អស់រយៈពេលប្រមាណ ២៦ខែ ដោយមានការចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់សរុបចំនួន ៤៨នាក់ ដែលសុទ្ធសឹងជាអ្នកដែលមានជំនាញនិងបទពិសោន៍ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ច-សង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្ថែមទៀតថា ជាក់ស្តែង តាមការសិក្សាយ៉ាងលម្អិតបានបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨០០០ម៉ែត្រគូបក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មានទំហំ ១៤០០ម៉ែត្រគូបក្នុងមួយវិនាទី(1400m3/s) ចំណែកគម្រោងព្រែកជីកហ្វូណននឹងប្រើប្រាស់ទឹកត្រឹមតែ ៥ម៉ែត្រគូបក្នុងមួយវិនាទី(5m3/s) តែប៉ុណ្ណោះ ឬប្រមាណ ០,០៥៣%។

បន្ទាប់ពីបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយ និងការបង្ហាញទិន្នន័យជាក់លាក់ ភាគីគណៈប្រតិភូ CIECC បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះគម្រោងនេះ ហើយសង្ឃឹមថាគម្រោងនេះនឹងលេចរូបរាងឡើងដើម្បីកែប្រែមុខមាត់កម្ពុជា នាពេលអនាគតឆាប់ៗ។

គួរបញ្ជាក់ថា ក្នុងអង្គប្រជុំក៏មានការចូលរួមផងដែរ ពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អភិបាលខេត្តកណ្ដាល ខេត្តកែប អភិបាលរងខេត្តកំពត និងខេត្តតាកែវ ព្រមទាំង មន្ត្រីបច្ចេកទេស តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងអ្នកជំនាញការជាច្រើនរូប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)