Register Already an agent ? Login

គម្រោងស្ដារលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជិត ៩០% គ្រោងបញ្ចប់លឿនជាងកិច្ចសន្យា១ឆ្នាំ

កំពត៖ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ វឌ្ឍនភាពការងារសាងសង់បានសម្រេច ៨៧,១៩% បើគ្មានការប្រែប្រួលទេគម្រោងនេះអាចនឹងបញ្ចប់ការសាងសង់រួចរាល់មុនកិច្ចសន្យាមួយឆ្នាំ។ បើតាម ក្រសួងសាធារណការ និងដឹកជញ្ជូ។

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៤គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។

វឌ្ឍនភាពការងារសាងសង់រួមមាន ១-អ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ គ្រោងបញ្ចប់ ១០០% នាពាក់កណ្តាលខែមិថុនា, ២-ការងារបំពាក់សម្ភារសុវត្ថិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ដែលជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងបញ្ចប់នៅបំណាច់ខែសីហា ខាងមុខ។

ផ្លូវជាតិលេខ៣១នេះ កំពុងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន គ្រោងចំណាយថវិកាជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

គូសបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែបានចង្អុលបង្ហាញឱ្យ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ យកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)