Register Already an agent ? Login

លោក សាយ សំអាល់ ចែកបណ្ណកម្មសិទ្ធិដីធ្លីជិត ១ម៉ឺនក្បាលដី ជូនពលរដ្ឋ ៦ភូមិ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង

ស្វាយរៀង៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩ ៣៤៩បណ្ណ ជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិថ្មី ភូមិសណ្តោ ភូមិត្រពាំងស្មាច់ ភូមិដក់ពរ ភូមិព្រែករមៀត និងភូមិខ្ពបត្រាច ឃុំជ្រៃធំ និងភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានសម្រេចដាក់ចេញនូវ «កម្មវិធី នយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយនៅក្នុងគោលនយោបាយអភិវឌ្ឍតាមវិស័យ ក្នុងនោះក៏បានផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់។ ជាការថ្លែង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនាពិធីខាងលើ។

ពិធីខាងលើធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោកប៉េង ពោធិ៍សា បានថ្លែងបន្តថា ត្រូវបន្តអនុវត្តការកែទម្រង់ឱ្យកាន់តែសកម្ម និងស៊ីជម្រៅក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់បណ្ណកម្មសិទ្ធិ ជូនអ្នកកាន់កាប់ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌឱ្យបានចប់សព្វគ្រប់ជាស្ថាពរនៅក្នុងអាណត្តិទី៧នេះ។

នៅក្នុងខេត្តស្វាយរៀង បច្ចុប្បន្នមានការជួយឧបត្ថម្ភគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាសេនាធិការ ក៏បាននិងកំពុងដឹកនាំ និងជំរុញការងារចុះបញ្ជីដីធ្លីដែលនៅសេសសល់ប្រមាណជា ៣១៨,០០០ក្បាល។ ជាការថ្លែងបន្តទៀត លោក ប៉េង ពោធិ៍សា។

លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះជួយសមាហែក បានថ្លែងក្នុងពិធីនេះថា បើគ្មានការចូលរួមពីប្រជាពលរដ្ឋក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីនេះទេ ក្រុមការងារបច្ចេកទេសមិនអាចធ្វើការវាស់វែងបានទេ។ លោក បានអរគុណចំពោះប្រជាពលរដ្ឋ ក៏ដូចជាក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានសហការគ្នាដោយរលូន។

លោក សៅ សុខា ក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លីនេះ ឱ្យបានត្រឹមត្រូវ និងមានប្រយោជន៍ដល់គ្រួសារ ជាពិសេសគឺទុកដាក់ឱ្យមានសុវត្ថិភាព និងចៀសវាងធ្វើឱ្យខូចខាតដោយប្រការណាមួយ។

នាពិធីនេះ លោក សាយ សំអាល់ បានថ្លែងថា ការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់ក្រសួង គឺធ្វើយ៉ាងណាជំរុញការចុះបញ្ជីដីធ្លីឱ្យបានសម្រេចជាស្ថាពរក្នុងឱកាសនៃគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ លោក ថា ការចុះបញ្ជីដីធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ដល់ប្រជាពលរដ្ឋ។

លោក រដ្ឋមន្រី្ត បានថ្លែងបន្តថា ការងារវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន រៀបចំធ្វើឡើងតាំពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៨៩ ទើបមានការចេញបណ្ណផ្ដល់សិទ្ធិឯកជន លើអចលនទ្រព្យជូនប្រជាពលរដ្ឋ លើកទី១។ ដូច្នេះពីឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០២៩ខាងមុខនេះ វានឹងឈានទៅដល់ខួបលើកទី៤០ នៃការចេញបានកម្មសិទ្ធិដីធ្លីរបស់មន្ត្រីរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

មុននឹងឈានដល់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លី មន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងធ្វើការងារទាំងអស់គ្នាដើម្បីបង្ហើយការងារចុះបញ្ជីដីធ្លីក្នុងខេត្តស្វាយរៀង ក៏ដូចទូទាំងប្រទេសឱ្យចប់សព្វគ្រប់បានឆាប់រហ័សផងដែរ។ ជាការថ្លែងរម្លឹក លោក សាយ សំអាល់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)