Register Already an agent ? Login

វិនិយោគិន ខេត្តSichuan ប្រទេសចិន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើ វិស័យកសិកម្មនិងសំណង់ នៅកម្ពុជា

ភ្នំពេញ៖ លោក Yao Bin អនុលេខាបក្សក្រុមនាវានាំមុខនៃរដ្ឋាភិបាលប្រជាជនក្រុង Panzhihua ខេត្ត Sichuan ប្រទេសចិន បានដឹកគណៈប្រតិភូ ទស្សនកិច្ចនៅប្រទេសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគ លើវិស័យ២ ធំៗគឺ វិស័យកសិកម្ម វិស័យសំណង់ សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

តាមការបង្ហាញចំណាប់អារម្មណ៍ របស់ លោក Yao Bin លើវិស័យធំៗទាំងពីរនៅកម្ពុជា នាជំនួបពិភាក្សាជាមួយ លោក ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នាជំនួបនេះ គណៈប្រតិភូ ដែលរួមមានមន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាលក្រុង Panzhihua និងដោយមានការចូលរួមអមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Panzhihua Urban Construction  និងក្រុមហ៊ុន Transportation (Group) Co., Ltd. មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។

លោក ឡោ ទិត្យច័ន្ទសុភក្តិ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ អនុលេខាបក្សក្រុង Panzhihua និងគណៈប្រតិភូជាន់ខ្ពស់មកពីរដ្ឋាភិបាលក្រុង Panzhihua ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅកម្ពុជា។

លោក បានបន្តថា បានចាប់អារម្មណ៍សសើរពីការលានុវឌ្ឍភាពនៃការវិនិយោគមកកាន់ប្រទេសកម្ពុជា ក្នុងនោះក៏បានលើកឡើងទាក់ទងជាមួយនឹងការលើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់លើសកម្មភាពវិនិយោគ និងវិស័យដែលមានសក្តានុពល និងការវិនិយោគប្រកបដោយចីរភាពដែលស្ថិតក្នុងប្រទេសកម្ពុជា ព្រមទាំងបានយកចិត្តទុកដាក់ជាពិសេសលើការប្រែប្រួលអាកាសធាតុជាដើម។

ក្នុងបរិយានោះ លោក Yao  Bin បានជំរាបជូន លោកប្រឹក្សា អំពីគោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងរកឱកាសអាជីវកម្មដែលមានសក្តានុពល ការបង្កើនទំនាក់ទំនងគ្នាទៅវិញទៅមក និងពិភាក្សាអំពីឱកាសក្នុងការសហការណ៏នាពេលអនាគត។

លោក បានបន្តថា មានការចាប់អារម្មណ៍មកកាន់ប្រទសកម្ពុជាលើវិស័យ២ ធំៗគឺ ការវិនិយោគក្នុងវិស័យកសិកម្ម និងការវិនិយោគក្នុងវិស័យសំណង់ ជាពិសេសក្នុងការស្វែងយល់បន្ថែមអំពីបរិយាកាសធុរកិច្ចកម្ពុជា ឱកាសវិនិយោគ និងផ្នែកសក្តានុពលណាមួយសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)