ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសន្យាលើកទឹកចិត្ត ក្រុមហ៊ុន និងសហគ្រាស ចិនឱ្យធ្វើការវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជា ថែមទៀត។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។
បើតាម ក្រសួងការបរទេស ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។
លោក សុខ ចិន្តាសោភា បានបន្ទាប់ពី៎ជួបថា្នក់ដឹកនាំធំៗហើយ បានជួបជាទ្វាភាគីជាមួយ លោក វ៉ាង យី ដោយភាគីទាំងពីរបានពិភាក្សាលើប្រធានបទជាច្រើនពាក់ព័ន្ធពាណិជ្ជកម្ម កិច្ចការផ្ទៃក្នុង និងបញ្ហាក្នុងតំបន់ និងអន្តរជាតិជាដើម។
ក្នុងគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែច្រើន លោក វ៉ាង យី ស្វាគមន៍សំណើរបស់ លោក សុខ ចិន្តាសោភា ឱ្យភាគីចិនសិក្សាលទ្ធភាពពង្រីក ឬបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសំដៅបង្កើនចំនួនកម្លាំងពលកម្មជំនាញនៅកម្ពុជា។
លោក វ៉ាង យី ក៏បានបញ្ជាក់ពីការបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធំៗនៅកម្ពុជា រួមមានផ្នែកដឹកជញ្ជូន ឡូជីស្ទិក ប្រព័ន្ធស្រោយស្រព និងប្រព័ន្ធធារាស្ត្រ រួមទាំងគម្រោង គ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោដែលមានសារសំខាន់ជាយុទ្ធសាស្ត្រដោយចិនមានបទពិសោធន៍ ជោគជ័យជាយូរមកហើយលើវិស័យទាំងនេះ។
ប្រមុខការទូតចិនរូបនេះ ក៏បានសន្យាលើកទឹកចិត្ត ក្រុមហ៊ុន និងសហគ្រាសចិនឱ្យធ្វើការវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជា ថែមទៀត។
ភាគីទាំងពីរបានឯកភាពផងដែរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និង មានសក្តានុពលដូចជា អប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត។
ភាគីទាំងពីរ បានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងសក្តានុពលដូចជា អប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិតជាដើម។ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជា នៅចិន ធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី នៅកម្ពុជាក្នុងខែមេសា កន្លងទៅ។
គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចប្រមុខការទូតកម្ពុជានិងថ្នាក់ដឹកនាំចិន បានវាយតម្លៃខ្ពស់ចំពោះកំណើន ភាពរឹងមាំនៃចំណងមិត្តភាពដែកថែប ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលត្រូវបានលើកទឹកចិត្តតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញាប់ ហើយបានឯកភាពបន្តជំរុញឱ្យកាន់តែច្រើន និងជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។
ថ្នាក់ដឹកនាំចិន បានសង្កត់ធ្ងន់អំពីការបន្តគាំទ្រកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ប្រទេស ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងក្នុងការដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ។
លោក សុខ ចិន្តាសោភា ក៏បានគូសបញ្ជាក់អំពីជំហរជាគោលការណ៍របស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវ “គោល នយោបាយចិនមួយ» និងចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន ព្រម ទាំងបន្តគាំទ្រតួនាទីកាន់តែសកម្មរបស់ចិនក្នុងកិច្ចការអន្តរជាតិ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)