Register Already an agent ? Login

អ្នកជំនាញអចលទ្រព្យ មើលឃើញពីកំណើនតម្រូវការប្រើប្រាស់ដីធ្លីតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យ​បាន​មើលឃើញថា ​ដីធ្លី​តាមបណ្ដោយផ្លូវ​ក្រវាត់ក្រុងទី៣​ ដែល​រាប់​ចាប់​ពីផ្លូវ​ឈ្នះ​ឈ្នះ ឬពលរដ្ឋ​និយម​ហៅថា ផ្លូវកប់​ស្រូវ(រាជធានីភ្នំពេញ)ទៅភ្ជាប់​ជាមួយ​ផ្លូវជាតិលេខ​៣ នឹង​មាន​សក្ដានុពល​ខ្ពស់​ ហើយ​ជា​តំបន់​ដែល​មានការអារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកវិនិយោគ​ និ​ងអ្នក​អភិវឌ្ឍន៍ផងដែរ។

លោក ប៉ូ អ៊ាវគង់ អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Advance បានប្រាប់បណ្ដាញសារព័ត៌មានក្នុងកាលពីពេលថ្មីៗនេះថា «តំបន់​តាម​បណ្ដោ​យផ្លូវ​ក្រវាត់ក្រុង​ យើងឃើញថា​តំបន់ប៉ែក​ខាងលិច​ឆៀង​ខាង​ត្បូង​ គឺជា​តំបន់ដែលមានសក្ដានុពល​សម្រាប់​អភិវឌ្ឍន៍​ ដូចជាសាងសង់​ឃ្លាំងសម្រាប់ជួល ព្រោះទីតាំង​នោះ​សំបូរ​ទៅដោយ​រោងចក្រ​សហគ្រាស ដែល​មានតម្រូវការ​ឃ្លាំង​សម្រាប់ស្តុកទំនិញ​នានា​មុន​និងក្រោយផលិត»។​

ដីធ្លីនៅតំបន់នេះ នឹង​មានតម្រូវការ​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍ ហើយសម្រាប់តំបន់​ប៉ែក​ខាងត្បូង​ និង​ខាង​កើ​ត​វិញ វាជា​តំបន់ដែល​នឹង​មាន​តម្រូវការ​លើដីលំនៅឋាន​។ បើតាមការបន្ត លោក ប៉ូ អ៊ាវគង់។

លោក បានបន្ថែមថា ជាក់ស្ដែង​ដូច​បានឃើញស្រាប់​​នៅប៉ែក​ខាង​ត្បូង​​និងខាង​កើត​ កំពុង​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់លើ​លំនៅឋាន​ដោយ​មានទាំង​លំនៅឋានផ្ដោតលើ​អ្នក​មាន​​ចំណូល​មធ្យ​ម ​និង​អ្នក​មធ្យមឡើង ។​

គូសបញ្ជាក់ថា ផ្លូវក្រវាត់ក្រុង​ទី៣ បានសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​ក្រោម​អធិបតីភាព ​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីកម្ពុជា។ វិថីដ៏ធំទូលាយមួយនេះ មមាញឹកដោយ​ការ​ដឹកជញ្ជូន​សព្វសារពើនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ទន្ទឹម​នេះ សកម្ម​ភាពអភិវឌ្ឍ​នៅសំណង់តូចធំនិងការធ្វើអាជីវកម្មនានាក៏កំពុងរីកដុះដាលយ៉ាងលឿនផងដែរ។

ផ្លូវក្រវាត់ក្រុងទី៣ នេះ មានប្រវែងសរុប ៥២,៩៨គីឡូម៉ែត្រ (ផ្លូវមេប្រវែង ៤៧,៦១គ.ម និងផ្លូវខ្នែងប្រវែង ៥,៣៧គ.ម) មានចំណុចចាប់ផ្តើមត្រង់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ចម្ងាយ ៥០០ម៉ែត្រ ពីផ្លូវជាតិលេខ៤(គីឡូម៉ែត្រលេខ១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងគម្រោងនេះផ្លូវដែរ មានរួមបញ្ចូលនូវស្ពានឆ្លងកាត់ទន្លេបាសាក់ ២កន្លែង ក្នុងនោះស្ពានខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានខាងលិចប្រវែង ៣៦៦ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តកោះអន្លង់ចិន ត្រូវបានប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន កោះអន្លង់ចិន”។

បន្ថែមពីលើនេះ ក៏បានសាងសង់នូវស្ពានរំលង ឬស្ពានអាកាស(Flyover) ២កន្លែង ប្រវែងសរុប ៥៦៤ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១, ស្ពានរំលងប្តូរទិស(Interchange) ២កន្លែង ប្រវែងសរុប ៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣, និងស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែងសរុប ៥៦៨ម៉ែត្រ។

លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាដង្ហើមសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយទៀតរបស់កម្ពុជា ជាពិសេសក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។ 

បើតាលោក ចាន់ថុល ខ្សែផ្លូវនេះ មានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ដែលនឹងជំរុញបន្ថែមនូវសក្តានុពលនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ។ ជាពិសេសការដឹកជញ្ជូនទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយ ដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការកកស្ទះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចំណេញពេលវេលាធ្វើដំណើរបានមួយកម្រិតធំ។

ផ្លូវក្រវាត់ក្រុងនេះ បានតភ្ជាប់ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១(AH-1) និងផ្លូវអាស៊ានហាយវេលេខ១១(AH-11) និងផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ ដែលរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដោយជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។ នេះបើតាមលោក ចាន់ថុល។

លូវក្រវាត់ក្រុងទី៣នេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥២ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែមិថុនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាសាងសង់សរុបជាង ២៧៣លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

ដោយ៖ មឿន ឌីណា (Moeun Dna)