Register Already an agent ? Login

តើហេតុអ្វីកម្ពុជាត្រូវការជាចាំបាច់នូវកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(DTA)?

ភ្នំពេញ៖ មូលហេតុចម្បងដែលកម្ពុជាត្រូវការកិច្ចព្រមព្រៀង DTA ដោយសារព្រះរាជាណាចក្រកម្ពុជា ជារដ្ឋសមាជិកអាស៊ាន ដែលយោងតាមផែនការមេ សហគមន៍សេដ្ឋកិច្ចអាស៊ាន គឺមានចែងអំពីវិស័យពន្ធដារ ក្នុងនោះ រដ្ឋសមាជិកត្រូវកំណត់ឱ្យព្យាយាមបញ្ចប់ការចរចាកិច្ចព្រមព្រៀង DTA ក្នុងចំណោមរដ្ឋសមាជិកទាំងអស់។

ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានលើកយកប្រធានបទសំខាន់មួយមកធ្វើបទបង្ហាញនិងពិភាក្សាគី កិច្ចព្រមព្រៀងស្តីពីការ ចៀសវាងការយកពន្ធត្រួតគ្នា (DTA) និងការអនុវត្តកាតព្វកិច្ចរាយការណ៍របាយការណ៍ស្តីពី FATCA។

មានការចូលរួមពីវាគ្មិនជាមន្ត្រី ជំនាញនៃអគ្គនាយកដ្ឋានពន្ធដារចំនួនពីររូបគឺ លោក ស៊ឹម សូលីន អនុប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ និងលោក ហុង សេរីវុឌ្ឍ ប្រធានការិយាល័យនៃនាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ។

ឆ្លើយតបនឹងសំណួរដែលបានលើកឡើង “តើហេតុអ្វីកម្ពុជាត្រូវការជាចាំបាច់នូវកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA)?”

លោក ស៊ឹម សូលីន បានបកស្រាយយ៉ាងក្បោះក្បាយថា មូលហេតុចម្បងដែលកម្ពុជាត្រូវការកិច្ចព្រមព្រៀង DTA ដោយសារកម្ពុជាជារដ្ឋសមាជិកអាស៊ាន ដែលយោងតាមផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺមានចែងអំពីវិស័យពន្ធដារ ក្នុងនោះ រដ្ឋសមាជិកត្រូវកំណត់ឱ្យព្យាយាមបញ្ចប់ការចរចាកិច្ចព្រមព្រៀង DTA ក្នុងចំណោមរដ្ឋសមាជិកទាំងអស់។

លោក បានបន្តថា បន្ថែមពីលើការបំពេញកាតព្វកិច្ច ក្រោមក្របខ័ណ្ឌអាស៊ាននេះ កម្ពុជាក៏ត្រូវការកិច្ចព្រមព្រៀង DTA ដើម្បីបង្កើនភាពទាក់ទាញនិងសម្រួលការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់និងបង្ក្រាបការកិបកេងបន្លំពន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិផងដែរ។

បើតាមកម្មវិធីនេះ លោក ស៊ឹម សូលីន គូសបញ្ជាក់ថា ជារួមកិច្ចព្រមព្រៀង DTA ក៏បានផ្តល់នូវ អត្ថប្រយោជន៍សំខាន់ៗ ដល់កម្ពុជាជាច្រើនរួមមាន៖

១.ការទាក់ទាញនិងជំរុញវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ដោយសារការផ្តល់នូវ ភាពច្បាស់លាស់ តម្លាភាព និងគ្មានការរើសអើងក្នុងវិស័យពន្ធដារ

២.កំណើនមូលដ្ឋានពន្ធ ៣.រំហូរមូលធន ដោយសារភាពទាក់ទាញ នៃអត្រាពន្ធកាត់ទុកលើការប្រាក់និងភាគលាភ

៤.ការផ្ទេរបច្ចេកវិទ្យានិងជំនាញពីបរទេស តាមរយៈបទប្បញ្ញត្តិស្តីពីសេវាបច្ចេកទេសនិង សួយសារ

៥.ការការពារនិវាសនជនកម្ពុជាដែលជាវិនិយោគិននៅបរទេស

និង ៦.ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារ ជាពិសេសការទប់ស្កាត់និងការបង្ក្រាបការកិបកេងបន្លំពន្ធតាមរយៈការផ្លាស់ប្តូរព័ត៌មានរបស់អ្នកជាប់ពន្ធ។

អនុប្រធាននាយកដ្ឋាននីតិកម្ម បានបន្ថែមថា ចំពោះអ្នកជាប់ពន្ធ គឺសំដៅដល់និវាសនជននៃភាគីនៃកិច្ចព្រមព្រៀង ដែលអាចទទួលបាននូវអត្ថប្រយោជន៍ដោយផ្ទាល់ពីកិច្ចព្រមព្រៀង DTA ផងដែរក្នុងនោះរួមមាន៖

-ការទទួលបានការអនុញ្ញាតបន្ធូរបន្ថយពន្ធ ឬលើកលែងពន្ធកាត់ទុក ដែលភាគច្រើននៃកិច្ចព្រមព្រៀង DTA ដែលកម្ពុជាមានជាធរមាន គឺបានកម្រិតអត្រាពន្ធកាត់ទុកលើភាគលាភ ការប្រាក់ សួយសារ និងកម្រៃសេវាបច្ចេកទេស មកត្រឹម ១០%

-ការទទួលបានការអនុញ្ញាតបន្ធូរបន្ថយពន្ធ ឬលើកលែងបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃយន្តហោះ នាវាឬទូក ឬតាមផ្លូវដែកឬផ្លូវគោក ក្នុងចរាចរណ៍អន្តរជាតិ ក្រោមកិច្ចព្រមព្រៀង DTA

-ការទទួលបានឥណទានពន្ធលើបណ្តាប្រភេទពន្ធ ដែលបានបង់នៅប្រទេសប្រភព ពីប្រទេសនិវាសនដ្ឋានរបស់អ្នកជាប់ពន្ធ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)