ភ្នំពេញ៖ កម្ពុជា ទទួលបានគម្រោងវិនិយោគដែលចុះបញ្ជីក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំនួន ១៤៧ម្រោង មានទឹកប្រាក់វិនិយោគសរុបប្រមាណ ២,៧០០លានដុល្លារ រយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ២០២៤។ ជាការថ្លែង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
តាមការថ្លែង សម្ដេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ និងពលករកូរ៉េ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។
លទ្ធផលនេះថា នេះគឺជាលទ្ធផលដែលបានមកពីការដើរទាក់ម៉ូយរបស់សម្ដេច និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត។ ជាការបញ្ជាក់ សម្ដេចធិបតី បានបន្តថា លទ្ធផលនេះក៏មិនទាន់គិតចាប់តាំងពីការកកើតរាជរដ្ឋាភិបាលថ្មីក្នុងអំឡុងខែសីហា ឆ្នាំ២០២៣នោះដែរ ពោលគឺគិតពីខែមករា ដល់ខែ ឧសភា ២០២៤នេះតែប៉ុណ្ណោះ។
នៅក្នុងដំណើរទស្សនកិច្ច នៅក្នុងប្រទេសកូរ៉េ រយៈពេលប៉ុន្មានថ្ងៃនេះ បានជួបជាមួយក្រុមហ៊ុនធំៗរបស់កូរ៉េជាច្រើន ហើយឃើញថាកូរ៉េបានចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែម។ ជាការបន្ត សម្ដេចធិបតី មានប្រសាសន៍ថា ដូច្នេះនៅពេលខាងមុខនេះកម្ពុជានឹងទទួលបានការវិនិយោគរបស់កូរ៉េបន្ថែមទៀត។
កម្ពុជា គ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដោយផ្ដោតលើតែវិនិយោគិនកូរ៉េប៉ុណ្ណោះ។ បើតតាមការថ្លែង តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងក្នុងសន្និសីទកាសែត បានគូសបញ្ជាក់ថា ការបង្កើតតំបន់សេដ្ឋកិច្ចនេះ នឹងសម្រួលដល់ការវិនិយោគពីប្រទេសកូរ៉េមកកាន់កម្ពុជាបានច្រើន ហើយក៏អាចទាក់ទាញវិនិយោគិនពីបណ្តាប្រទេសដទៃចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
លោក បានថ្លែងបន្តថា ក្រៅពីតំបន់សេដ្ឋកិច្ចពិសេសនេះ កម្ពុជាក៏បានជំរុញឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្ដោតលើវិនិយោគិនជប៉ុន និងវិនិយោគិនចិន ពោលគឺបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្ដោតលើវិនិយោគិនមកពីប្រទេសមួយៗតែម្ដង ដែលនឹងធ្វើឱ្យវិនិយោគិនប្រទេសនោះ មានភាពងាយស្រួលជាងមុន។
គូសបញ្ជាក់ថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឱ្យឃើញថា រយៈពេល៤ខែ កន្លងទៅនេះ មានគម្រោងវិនិយោគមួយចំនួនមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ច។ ជាពិសេសគម្រោងវិនិយោគលើវិស័យឧស្សាហកម្មនិងមួយចំនួនទៀតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។
ក្នុងនោះ ក៏ឃើញគម្រោងវិនិយោគធំមួយបានបន្ថែមទុនវិនិយោគរបស់ខ្លួនបន្ថែមទៀត គឺរោងចក្រផលិតសំបកកង់យានយន្តនៅខេត្តស្វាយរៀង ដែលគម្រោងនេះនឹងជួយផ្ដល់ឱកាសការងារជាច្រើននិងជួយរក្សាតម្លៃកៅស៊ូរបស់កម្ពុជាឱ្យមានស្ថិរភាពលើទីផ្សារផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)