ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) មកទស្សនកិច្ចសិក្សានិងស្វែងយល់ពីសក្តានុពលវិនិយោគក្នុងវិស័យមួយចំនួននៅកម្ពុជា បន្ថែមលើការវិនិយោគដែលមានស្រាប់នៅកម្ពុជា។ បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា រួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន YIG ដឹកនាំដោយលោក Lu Xiaolong ប្រធានក្រុមប្រឹក្សាភិបាល និងដោយមានការចូលរួមអមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Angkor International Airport Investment Group (AIAI) កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
អគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូក្រុមហ៊ុន YIG ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា។
លោក បានជម្រាបជូនពីស្ថានភាពវិនិយោគ ច្បាប់និងបទប្បញ្ញាត្តិពាក់ព័ន្ធ វិស័យដែលមានសក្តានុពល ការផ្តល់កិច្ចសម្រួលវិនិយោគ និងបានធ្វើការកត់សម្គាល់ពីកំណើនវិនិយោគចិនដោយផ្តើមចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន ដែលជាលទ្ធផល រំហូរវិនិយោគចិនមកកម្ពុជា និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនខ្ពស់ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។
លោក Lu Xiaolong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ អគ្គលេខាធិការ ដែលបានឆ្លៀតពេលវេលាមមាញឹកទទួលជួបពិភាក្សាការងារ និងផ្តល់នូវព័ត៌មានដ៏សំខាន់ៗ ហើយបានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចូលរួមជួយសម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាងដល់គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ស្របគ្នានេះ លោក បានបង្ហាញនូវការកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងបានជម្រាបជូនអំពីបំណងនៃការជួបពិភាក្សានាថ្ងៃនេះ គឺដើម្បីស្វែងរកការគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះគ្រោងនឹងផ្តោតលើសកម្មភាពបឋមចំនួន៣ គឺ៖ ទី១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២-ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។
លោក ជា វុទ្ធី បានសម្តែងនូវការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងវិនិយោគទាំងនេះនឹងជួយចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេស ការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានជំរុញឱ្យភាគីចិនជួយទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើនក្នុងខេត្តសៀមរាប ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរក្នុងការវិនិយោគកែច្នៃកសិផលកម្ពុជាដើម្បីបម្រើឱ្យការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុកនិងការនាំចេញ ជាពិសេស ការជំរុញការនាំចេញនៅនឹងកន្លែងតាមរយៈភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា។
គូសបញ្ជាក់ថា ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយដែលមានសកម្មភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងវិស័យថាមពលកកើតឡើងវិញ ។ល។ ហើយក៏ជាម្ចាស់ភាគហ៊ុនធំនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)