ទីក្រុងសេអ៊ូល៖ ប្រធានក្រុមហ៊ុន SK Securities កូរ៉េ នៅក្នុងជំនួបនិងពិភាក្សាការងារ ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េ បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
បើតាមជំនួបនេះ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងសេអ៊ូល លោក JEON Woo Jong នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន បានលើកឡើងអំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន SK Securities ដែលកំពុងមានប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ ផ្នែកមូលនិធិអាកាសធាតុបៃតង និងមូលនិធិការកសាងគម្រោងផ្សេងៗទៀតផងដែរ។
លោក គូសបញ្ជាក់ថា មានភាពជឿជាក់លើបរិយាកាសវិនិយោគនៅកម្ពុជាដែលប្រកបដោយភាពកក់ក្ដៅ និងមានទំនុកចិត្តខ្ពស់ ក្រោមការដឹកនាំ និងភាពឈ្លាសវៃរបស់ សម្ដេចធិបតី។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងសហការី និងអរគុណចំពោះក្រុមហ៊ុន SK Securities ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ទន្ទឹមនោះ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគឯកជនរបស់កូរ៉េនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា ទោះបីជាទីផ្សាររបស់កម្ពុជានៅមានទំហំតូច ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញនិងធ្វើទំនើបកម្មផ្នែកហិរញ្ញវត្ថុ និងធនាគារនេះ ហើយសម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនដែលមានបំណងវិនិយោគលើវិស័យនេះ។
ចំពោះគម្រោងអាកាសធាតុបៃតង សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាកំពុងតែយកចិត្តទុកដាក់ និងបោះជំហានទៅមុខលើការអភិវឌ្ឍបច្ចេកវិទ្យាបៃតងដោយរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់អាទិភាពលើការផលិតថាមពលអគ្គិសនីស្អាត តាមរយៈការប្រើប្រាស់ថាមពលវារីអគ្គសនី ថាមពលពន្លឺព្រះអាទិត្យ និងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀតផងដែរ។
សម្ដេចធិបតី បានបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវបរិយាកាសនៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិន។
ប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យក្រុមហ៊ុន SK Securities ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធលើវិស័យសក្ដានុពលនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន SK Securities គឺជាក្រុមហ៊ុនវិនិយោគវិស័យហិរញ្ញវត្ថុ និងបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥។ SK Securities ធ្លាប់ទទួលបានពានរង្វាន់លេខ១ ក្នុងការវាយតម្លៃម៉ាក និងសេវាកម្មផ្សេងៗ តាមរយៈការចេញផ្សាយប្រព័ន្ធជួញដូរ និងកម្មវិធីទូរស័ព្ទដែលមានឈ្មោះថា JOOPASOO ។
លើសពីនេះ SK Securities ក៏ធ្លាប់បានទទួលជ័យលាភីលេខ១ លើការវាយតម្លៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួនរយៈពេលប្រាំបួនឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១១ ហើយបានទទួលពានរង្វាន់ "Korea Exchange Compliance Awards" ចំនួនបួនដងក្នុងឆ្នាំ២០១២, ២០១៤, ២០១៥ និង ២០១៩ ។
ដោយ៖ មឿន ឌីណា (Moeun Dyna)