ទីក្រុងសេអ៊ូល៖ កម្ពុជា នៅមានសក្ដានុពលដ៏ធំសម្បើមសម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ។ ជាការថ្លែង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើក វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ទីក្រុងសេអ៊ូល។
កម្ពុជានិងកូរ៉េ មានទំនាក់ទំនងល្អជាយូរមកហើយប្រទេសទាំងពីរមានទំនាក់ទំនងស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នាលើច្រើនវិស័យ ដោយឈរលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក។ ជាការលើកឡើង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា យើងមានចំណុចរួមមួយ គឺកេរ្តិ៍ដំណែលនៃការជម្នះឧបសគ្គគ្រប់បែបយ៉ាង និងសម្រេចបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។ ប្រទេសទាំងពីរ ធ្លាប់រងគ្រោះដោយសារសង្គ្រាម ប៉ុន្តែយើងបានងើបឡើងវិញ ប្រកបដោយភាពធន់ និងបានប្រែក្លាយ និងតម្រង់ទិសសេដ្ឋកិច្ច ឆ្ពោះទៅរកវិបុលភាព។
ជីវភាពនៃទំនាក់ទំនងរបស់កម្ពុជា-កូរ៉េ ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងដ៏រស់រវើក រវាងប្រជាជននិងប្រជាជន, ប្រជាប្រិយភាពយ៉ាងទូលំទូលាយនៃរឿងភាគ តន្ត្រី និងអាហារកូរ៉េ (K-dramas, K-pop, K-food) នៅកម្ពុជា និងការកើនឡើងនៃចំនួនអាពាហ៍ពិពាហ៍ និងការរស់នៅក្នុងប្រទេសទាំងពីរ ដោយប្រជាជនកម្ពុជាប្រមាណ ៥៩.៣៧៨នាក់ កំពុងរស់នៅកូរ៉េ ហើយប្រជាជនកូរ៉េប្រមាណ ៧. ៨០០នាក់ កំពុងរស់នៅកម្ពុជា គិតត្រឹមឆ្នាំ២០២៣។ ជាការបន្តទៀត សម្តេចធិបតី។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា ទន្ទឹមនេះ កូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដោយបានចូលរួមពង្រឹងកម្លាំងពលកម្ម កែលម្អសេវាសាធារណៈ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ទិដ្ឋាការដែលមានសុពលភាព៣ឆ្នាំ និងអនុញ្ញាតឱ្យមានការចេញ-ចូលបានច្រើនដង ជាមួយនឹងការបង់ថ្លៃសេវាតែមួយលើកដល់វិនិយោគិនកូរ៉េ ដែលកាន់លិខិតឆ្លងដែនទូទៅ ដើម្បីលើកទឹកចិត្តនិងជំរុញការវិនិយោគ និងធុរកិច្ចកូរ៉េនៅកម្ពុជា។
ជាលទ្ធផល យើងសង្កេតឃើញការកើនឡើងនៃវត្តមាននៃគម្រោងវិនិយោគ និងសហគ្រាសពាណិជ្ជកម្មកូរ៉េ ទាំងតូច ទាំងធំ នៅកម្ពុជា។ ទន្ទឹមគ្នានេះ ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងលើស ១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដោយគ្រប់ដណ្តប់វិស័យជាច្រើន ដូចជា វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ គ្រឿងបន្លាស់អេឡិចត្រូនិក កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម។ ជាការថ្លែងបញ្ជាក់ សម្តេចធិបតី នាយករដ្ឋមន្ត្រី។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េ បាននិងកំពុងដើរតួនាទីជាតួអង្គគន្លឹះក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ការចូលរួមរបស់ក្រុមហ៊ុនកូរ៉េនៅវិស័យចម្រុះ ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ បាននិងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។
នាឱកាសនោះ សម្តេចធិបតី បានស្វាគមន៍ចំពោះការវិនិយោគបន្ថែមកូរ៉េ ដោយកម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើម សម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ពោលគឺកូរ៉េ អាចប្រើប្រាស់ឯកទេសផ្នែកបច្ចេកវិទ្យាក្នុងការកែប្រែឧស្សាហកម្មកម្ពុជា និងបង្កើតកាលានុវត្តភាព ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
បន្ថែមលើនេះ រាជរដ្ឋាភិបាល បានបង្កើតយន្តការ ក្នុងការធានាបាននូវបរិយាកាសគាំទ្រ និងអំណោយផលដល់ភាពជោគជ័យនៃធុរកិច្ច ដែលមានស្រាប់និងធុរកិច្ចថ្មីប្រកបដោយភាពបុរេសកម្ម តាមរយៈការស្តាប់យ៉ាងយកចិត្តទុកដាក់ និងជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើងនិងពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដោយមិនខ្លាចនឿយហត់ ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងស័ក្កិសិទ្ធភាពដោយប្រកាន់ខ្ជាប់នូវអភិក្រម «គិតរួមគ្នា, ធ្វើរួមគ្នា និងទទួលខុសត្រូវរួមគ្នា»៕
ដោយ៖ មឿន ឌីណា (Moeun Dyna)