Register Already an agent ? Login

នាយករដ្ឋមន្រ្តីកូរ៉េ បង្ហាញក្តីរីករាយ និងពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ បន្ថែមដល់កម្ពុជា

ទីក្រុងសេអ៊ូល៖ Han Duck-soo នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េ បង្ហាញក្តីរីករាយ និងពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែម ដល់ព្រះរាជាណាចក្រកម្ពុជា។

តាមការចង្ហាញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ លោក Han Duck-soo នាយករដ្ឋមន្រ្តីកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

លោក ហាន់ ដុកស៊ូ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋកូរ៉េ និងបានរំលេចអំពីការឯកភាពដំឡើងនូវកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជាឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ដែលនេះនឹងចូលរួមចំណែកក្នុងការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ។

លោក នាយករដ្ឋមន្រ្តីកូរ៉េ បានបញ្ជាក់ថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត។ លោក ក៏បានសម្តែងនូវការគាំទ្រ និងពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យមានយន្តការនៃការជួបពិគ្រោះយោបល់ជាទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា។

លោក ក៏បានបង្ហាញនូវក្តីរីករាយក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែម តាមរយៈហិរញ្ញប្បទានឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) និងឥណទានសម្បទានតាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។

សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ លោក នាយករដ្ឋមន្រ្តីកូរ៉េ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ដែលជាទំនាក់ទំនងដ៏ល្អប្រសើរ។

សម្តេចធិបតី បានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានជម្រាបជូន នាយករដ្ឋមន្រ្តីកូរ៉េថា វិស័យឯកជនមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយការពង្រឹងតួនាទីរបស់វិស័យឯកជននឹងធ្វើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។

បន្ថែមលើនេះ សម្ដេចធិបតី ក៏បានជម្រាបអំពីលទ្ធផលដ៏ប្រសើរ នៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ ប្រធានាធិបតី យូន ស៊កយ៉ល ជាពិសេសអំពីការរំលេចនូវគំនិតផ្តួចផ្តើមស្តីអំពីការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់ (Regular Consultation Sessions) រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែក្រុមហ៊ុនវិនិយោគកូរ៉េ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសរំលេច អំពីគម្រោងនិមិត្តរូបនៃស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ។ ស្ពានមិត្តភាពនេះតំណាងឱ្យមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ហើយសម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លា របស់រដ្ឋាភិបាលកូរ៉េក្នុងគម្រោងនេះផងដែរ។

នាជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់នូវជំហរនិងជំនឿជាក់ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោមកម្រិតនៃភាពជាដៃគូយុទ្ធសាស្រ្ត នឹងតែល្អរីកចម្រើន និងរឹងមាំបន្ថែមទៀត៕

ដោយ៖ មើន ឌីណា (Moeun Dyna)