Register Already an agent ? Login

លោក ស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន៩ នៅកូរ៉េ ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ទីក្រុងសេអ៊ូល៖ ឆ្លៀតក្នុងឱកាសអមដំណើរ សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៩ ដើម្បីជំរុញការវិនិយោគនៅកម្ពុជា។

 អមដំណើរ សម្ដេចធិបតី បំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េពីថ្ងៃទី១៥-១៩ ខែឧសភា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល បានឆ្លៀតពេលវេលា ទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចំនួន៩ ដើម្បីពិភាក្សាការងារ ជំរុញការវិនិយោគនៅកម្ពុជា រួមមាន៖ ក្រុមហ៊ុន Mastern Partners Corporation, ក្រុមហ៊ុន Daewoo E&C, ក្រុមហ៊ុន WorldBridge, ក្រុមហ៊ុន LG Electronics, ក្រុមហ៊ុន Emart, ក្រុមហ៊ុន LX International, ក្រុមហ៊ុន Hanshin Engineering Construction, ក្រុមហ៊ុន Camko Motor & Camko Infracore, និងក្រុមហ៊ុនសារព័ត៌មាន Maekyung Media News ផងដែរ។ 

មានប្រសាសន៍លើកឡើងក្នុងជំនួបខាងលើ លោក ស៊ុន ចាន់ថុល បានបង្ហាញអំពីគោលបំណងយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ថែមការយកចិត្តទុកដាក់ បន្តទាក់ទាញ និងផ្សារភ្ជាប់វិនិយោគិនរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េឱ្យបានកាន់តែល្អប្រសើរឡើងមួយកម្រិតបន្ថែមទៀត។

បន្ថែមពីនោះ លោក បានជម្រាបជូនអំពីបរិយាកាសវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក្រោមកិច្ចសម្របសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមានច្រកចេញចូលតែមួយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ស្ថាប័នក្នុងការគាំទ្រវិនិយោគិន។

លើសពីនេះ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនអំពីសក្ដានុពលនានារបស់កម្ពុជា រាប់ចេញពីភាពបើកចំហរនៃច្បាប់វិនិយោគរបស់កម្ពុជា ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់ទាំងស្រុងលើមុខជំនួញដែលខ្លួនវិនិយោគនៅកម្ពុជា, ហេដ្ឋារចនាសម្ព័ន្ធតំបន់សេដ្ឋកិច្ចពិសេសដែលផ្ដល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការវិនិយោគ, ពិសេសការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើការសម្របសម្រួលដោះស្រាយបញ្ហាដល់វិនិយោគិន តាមរយៈកម្មវិធីរាជរដ្ឋាភិបាល និងផ្នែកឯកជនជាដើម។

លោក បានគូសបញ្ជាក់ថា បន្ថែមពីនេះផងដែរ កម្ពុជាបានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ដែលបានបើកឱកាសឱ្យវិនិយោគិន អាចពិនិត្យលទ្ធភាពដាក់ទុនវិនិយោគលើគម្រោងចំនួនប្រមាណ ១៧៤គម្រោង លើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងភស្ដុភារកម្ម។

ជាមួយគ្នាក្នុងឱកាសនៃកិច្ចទាក់ទាញវិនិយោគិននេះ ឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន WorldBridge និងក្រុមហ៊ុន Daewoo E&C លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យអចលនទ្រព្យផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dna)