Register Already an agent ? Login

មុខសញ្ញាចម្បងទាំង ៦ ជាមូលដ្ឋានក្នុងការបដិសេធការចុះបញ្ជីពន្ធដារ

ភ្នំពេញ៖ មុខសញ្ញាចម្បងទាំង ៦ ជាមូលដ្ឋានក្នុងការបដិសេធការចុះបញ្ជីពន្ធដារ ក្លែងបន្លំអត្តសញ្ញាណ មិនបានបំពេញព័ត៌មាន មិនគោរពតាមលក្ខខណ្ឌ ជាប់ទាក់ទិននឹងសហគ្រាស មិនមានទីតាំង កន្លែងធ្វើសកម្មភាពអាជីវកម្មមិនសមស្រប។

ការចុះបញ្ជីពន្ធដារជាមុខងារប្រតិបត្តិការស្នូលមួយដ៏សំខាន់ ដែលអគ្គនាយកដ្ឋានពន្ធដារតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ ព្រោះការចុះបញ្ជី អ្នកជាប់ពន្ធគឺជាប្រភពទិន្នន័យដ៏សំខាន់ក្នុងការគ្រប់គ្រងការដាក់លិខិតប្រកាស ការធ្វើសវនកម្ម សំដៅ ប្រមូលពន្ធប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ពិសេសកែលម្អបរិយាកាសអាជីវកម្ម ដើម្បីធានាបាននូវការប្រកួតប្រជែងដោយស្មើភាព។

ទន្ទឹមនឹងតួនាទីដ៏សំខាន់នៃមុខងារ ចុះបញ្ជីពន្ធដារនេះ អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងពិនិត្យលើការស្នើសុំចុះបញ្ជីរបស់អ្នកជាប់ពន្ធយ៉ាងម៉ត់ចត់ ដើម្បីធានាបានថា រាល់ព័ត៌មាននានាគឺជាព័ត៌មានត្រឹមត្រូវ ច្បាស់លាស់និងស្តែងចេញពីសកម្មភាពពិតប្រាកដនៃការធ្វើអាជីវកម្មរបស់សហគ្រាស ចៀសវាងការចុះបញ្ជី បង្កើតសហគ្រាសក្នុងចេតនាទុច្ចរិតណាមួយ។

ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារនឹងបង្វែរការស្នើសុំ ឬបដិសេធការស្នើសុំចុះបញ្ជីចំពោះសហគ្រាសដែលស្ថិតក្នុងមុខសញ្ញាដូចខាងក្រោម៖

-ការក្លែងបន្លំអត្តសញ្ញាណពិតប្រាកដរបស់ប្រធានក្រុមប្រឹក្សាភិបាល ឬម្ចាស់សហគ្រាស (ឈរឈ្មោះជំនួស)

-មិនបានបំពេញព័ត៌មាននិងផ្តល់ឯកសារភ្ជាប់ត្រឹមត្រូវ

-មិនគោរពតាមលក្ខខណ្ឌតម្រូវរបស់រដ្ឋបាលសារពើពន្ធ

-ជាប់ទាក់ទិននឹងសហគ្រាស ឬសមាគម ឬអង្គការនានាដែលមានជំពាក់បំណុលពន្ធ

-មិនមានទីតាំង ឬទីកន្លែងធ្វើអាជីវកម្មជាប់លាប់

-កន្លែងធ្វើសកម្មភាពអាជីវកម្មមិនសមស្របនឹងកម្មវត្ថុអាជីវកម្មដែលបានស្នើត

សូមបញ្ជាក់ផងដែរថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារបានទទួលការស្នើសុំចុះបញ្ជីដោយផ្ទាល់ និងតាមថ្នាលបច្ចេកវិទ្យា ព័ត៌មាន (CamDx) សរុបចំនួន ៣ ៥៣៤សហគ្រាស ក្នុងនោះ សហគ្រាសដែលបានអនុញ្ញាតឱ្យចុះបញ្ជីមាន ២ ៨៤០សហគ្រាស ស្មើនឹង ៨១% បង្វែរការស្នើសុំចំនួន ៤៣៧សហគ្រាស ស្មើនឹង ១២% បដិសេធការចុះបញ្ជីមាន ១៣១សហគ្រាស ស្មើនឹង ៤% និងកំពុងបន្ត នីតិវិធីពិនិត្យមាន ១២៦សហគ្រាស ស្មើនឹង ៣%៕

ដោយ៖ មឿន ឌីណា (Moeun  Dyna)